(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច យុវជន សិស្សានុសិស្សជុំវិញខេត្ត បានរួមគ្នារៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងពីភាពស្អាត អនាម័យ និងការលើកកម្ពស់បរិស្ថាននិងទេសចរណ៍ ព្រមទាំងមានសកម្មភាពចុះសម្អាតទីក្រុងស្ទឹងសែន ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ និងពិធីបុណ្យទន្លេលើកទី៧ ក៏ដូចជាលើកកម្ពស់ក្រុងស្ទឹងសែនឱ្យស្រស់បំព្រង និងមានអនាម័យ។

នាឱកាសនោះ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣។

លោក ជា វ៉ាន់ចាន់ បានលើកឡើងដែរថា ការសម្អាតបរិស្ថានក្នុងក្រុងស្ទឹងសែននេះ គឺដើម្បីឱ្យទីក្រុងមានសោភ័ណភាពស្រស់បំព្រង ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាបុណ្យទន្លេលើកទី៧ខាងមុខនេះ។

លោកអភិបាលរងខេត្តក៏បានដឹកនាំមន្ត្រីតាមមន្ទីរអង្គភាពស្ថាប័ននីមួយៗ ប្រជាពលរដ្ឋ និងសិស្សានុសិស្សអនុវត្តទៅតាមគោលដៅដែលបានបែងចែក ចុះសម្អាតតាមផ្លូវជាតិលេខ៦ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សកម្មភាពនេះក៏មានការអប់រំណែនាំដល់ប្រជាពលរដ្ឋ សិស្សានុសិស្សពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការហាមប្រាមការបោះចោលសំរាមផ្ដេសផ្ដាសនៅទីសាធារណៈ និងការកាត់បន្ថយភាពកខ្វក់ដល់បរិស្ថាន។

គួរជម្រាបថា ខេត្តកំពង់ធំនឹងមានរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ នាពេលខាងមុខ៕