(សៀមរាប)៖ ភ្ញៀវទេសចរចិន និងអ្នកវិនិយោគសរុប១៣២នាក់ បានធ្វើដំណើរពីទីក្រុងសៀងហៃ ប្រទេសចិន មកចុះចតនៅខេត្តសៀមរាបជាលើកដំបូង ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញពីសញ្ញាដ៏ល្អសម្រាប់វិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩។

ភ្ញៀវទេសចរចិន១៣២នាក់នេះ គឺធ្វើដំណើរតាមជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ពីទីក្រុងសៀងហៃ ប្រទេសចិន មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ អង្គរភាពជុំវិញខេត្តជាច្រើនចូលរួមផងដែរ។

លោក តុប សុភ័ក បានលើកឡើងថា ការមកដល់នៃភ្ញៀវទេសចរចិន និងអ្នកវិនិយោគនេះ គឺបង្ហាញពីសញ្ញាដ៏ល្អសម្រាប់វិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩។

លោកបានបន្តថា នៅដំណាច់ឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនជាង១លាននាក់ថែមទៀត ក្នុងចំណោមភ្ញៀវអន្តរជាតិទាំងអស់ប្រមាណជាង៤លាននាក់ ដែលបច្ចុប្បន្នស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងកម្ពុជានឹងវិលទៅរកសភាពដើមវិញ ដូចមុនកាលពីមិនទាន់មានកូវីដ-១៩។

លោកបានបន្តទៀតថា នៅក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំពិសេសនៃការទំនាក់ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនលើកទី៦៥ ក្នុងនោះដែរក្រសួងទេសចរណ៍បានបង្កើតព្រឹត្តិការធំៗជាច្រើនដូចជាការប្រកួតស៊ីហ្គេម និងដំណើរកម្សាន្តនានា ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន។ ជាក់ស្តែងការមកដល់របស់ភ្ញៀវទេសចរចិនមកកាន់ខេត្តសៀមរាបនាពេលនេះ ពួកគេនឹងជួយផ្សព្វផ្សាយដើម្បីទាក់ទាញប្រជាជនចិនឲ្យមកលេងកម្ពុជាកាន់តែច្រើនឡើង ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពផងដែរ។

លោកបានបញ្ជាក់ទៀតថា សម្រាប់ភ្ញៀវទេសចរចិនដែលបានមកដល់ទឹកដីនៃខេត្តសៀមរាបនេះ វាគឺជាឱកាសដ៏ល្អសម្រាប់ជំរុញភ្ញៀវទេសចរណ៍ចិនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈប្រទេសចិនគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ភ្ញៀវទេសចរចិនជាទីផ្សារដ៏ធំសម្រាប់ពិភពលោក និងកម្ពុជាផងដែរ។ ការមកដល់នៃភ្ញៀវទេសចរចិននេះនឹងផ្តល់ផលប្រយោជន៍ដល់វិស័យឯកជនក្នុងវិស័យទេសចរណ៍ បង្កើតការងារ បង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ ជាពិសេសអន្តរវិស័យនៃវិស័យទេសចរណ៍ជាដើម។ ចំពោះភ្ញៀវទេសចរចិនដែលបានមកដល់ខេត្តសៀមរាបបានបង្ហាញការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងដែលបានមកប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែលកម្ពុជាស្វាគមន៍ភ្ញៀវទេសចរ និងក្រុមហ៊ុនទេសចរណ៍ចិនមកកាន់កម្ពុជា ដោយលើកទី១កាលពីពេលថ្មីៗនេះ ភ្ញៀវទេសចរចិនប្រមាណជាង១០០នាក់ បានហោះត្រង់ពីចិនមកក្រុងព្រះសីហនុលើកទី២ នៅថ្ងៃទី៦ ខែកុម្ភៈ បានទទួលប្រធានក្រុមហ៊ុនទេសចរណ៍ចិនប្រមាណ១៣០នាក់ និងលើកទី៣ ថ្ងៃទី៣ ខែមីនានេះ បានទទួលភ្ញៀវទេសចរចិនចំនួន១៣២នាក់ ដែលបានមកកាន់ខេត្តសៀមរាបនេះ៕