(បាសេឡូណា)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួម សមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៣ នៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ។

នៅក្នុងកម្មវិធីខាងលើនេះ មានការអញ្ជើញពីក្រសួងបច្ចេកវិទ្យាឌីជីថល និងបណ្តាថ្នាក់ដឹកនាំមកពីស្ថាប័នអន្តរជាតិធំៗជុំវិញពិភពលោក សរុបប្រមាណជាងប្រាំបីម៉ឺននាក់។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបច្ចេកវិទ្យាឌីជីថលឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានចូលរួមពិភាក្សាអំពីវិស័យទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថល គោលនយោបាយពាក់ព័ន្ធទៅនឹងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ឯកជនភាពរបស់អ្នកប្រើប្រាស់នៅក្នុង Metaverse, ការពង្រីកបណ្ដាញ 5G, និងបរិយាប័ន្នឌីជីថលជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យាទូរគមនាគមន៍ ឧបករណ៍ប្រើប្រាស់បច្ចេកឌីជីថលថ្មីៗ និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ដើម្បីស្វែងយល់អំពីផលិតផល និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល នាពេលអនាគតសម្រាប់កម្ពុជាផងដែរ៕