(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានជួបប្រជុំជាមួយនឹងគណៈប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ដើ​ម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ វិស័យអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា គោលបំណងរបស់ប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍ និងរីកចម្រើនវិស័យអាកាសចរស៊ីវិលនៅកម្ពុជា

លើសពីនោះទៀត អាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ក៏ចង់បានការណែនាំ និងបទពិសោធន៍ល្អៗមួយចំនួនពីកម្ពុជា ដើម្បីអនុវត្ដនៅប្រទេសឡាវ ជាពិសេស គឺអភិបាលកិច្ចល្អ និងការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធអាកាសចរណ៍ស៊ីវិល។

លោកថា «ឡាវចង់ស្វែងយល់ពីកម្ពុជា លើការគ្រប់គ្រងអភិបាល និងអនុវត្តការងារ ជាមួយវិស័យឯកជន ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីៗនេះ ដូចជា៖ អាកាសយានដ្ឋានសៀមរាប, អាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានផ្សេងៗទៀត ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន»

លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា វិស័យអាកាសស៊ីវិលកម្ពុជា ក៏មានការរីកចម្រើន ផ្នែកចរាចរណ៍ត្រួតពិនិត្យដែនអាកាស និងមានក្រុមហ៊ុនឯកជន ជាអ្នកប្រកបអាជីវកម្ម ហេតុដូច្នេះភាគីឡាវ ចង់ស្វែងយល់ពីកម្ពុជាព្រោះថា អាកាសចរស៊ីវិលឡាវ អត់ទាន់មានវិស័យឯកជន មកចូលរួមដើម្បីធ្វើការអភិវឌ្ឍនៅឡើយទេ។

ក្នុងឱកាសនោះ អាកាសចរស៊ីវិលកម្ពុជា-ឡាវ ក៏បាន MOU ដើម្បីបង្កើនជើងហោះហើររវាងប្រទេសឡាវ និងកម្ពុជា ក្នុងគោលបំណង ដើម្បីឲ្យមានការតភ្ជាប់ការហោះហើរ រវាងប្រទេសឡាវ-កម្ពុជាឡើងវិញ និងឲ្យបានច្រើនជើង។

គូសបញ្ជាក់ថា ការហោះហើររវាង កម្ពុជា-ឡាវ៖ ភ្នំពេញ-វៀងច័ន្ទ មានចំនួន៧ជើង ក្នុងមួយសប្ដាហ៍ តាមរយៈ Vietnam Airlines ដោយប្រើប្រាស់កូដស៊ែរ/Code share និងសៀមរាប-ប៉ាក់សេ, លួងប្រាបាង មានចំនួន៣ជើង ក្នុងមួយសប្ដាហ៍ តាមរយៈ Laos Airlines៕