(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គ្មានពេលណាដែលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកល្អដូចពេលបច្ចុប្បន្ននេះ​ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ​ជា​មួយ​​ប្រតិភូ​ក្រុម​ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីហា​លេក (Michael Michalak) នៅវិមានសន្តិភាព នាល្ងាចថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានជម្រាបទៅគណៈប្រតិភូថា គេអាចមើលឃើញភាពប្រសើរ​នៃទំនាក់​ទំនងនេះ តាមរយៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងគួរ​ឱ្យ​កត់សម្គាល់។ តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មនេះ ប្រជាពលរដ្ឋអាមេរិក បានប្រើ​ប្រាស់​ផលិតផលផលិតនៅកម្ពុជា ហើយពលរដ្ឋកម្ពុជា មានការងារធ្វើ។

សម្តេចតេជោ បានលើកឡើងថា កម្ពុជា និងអាមេរិក ត្រូវបន្តយកចិត្តទុកដាក់បន្ថែម​លើការធ្វើពាណិជ្ជកម្មជាមួយគ្នានេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​ឱ្យដឹងដែរថា លោក ម៉ៃឃើល មីហា​លេក បានសម្តែងការអបអរសាទរ ចំពោះ​ជោគ​ជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ លោក មីហាលេក បាន​លើក​ឡើងថា តាមរយៈតួនាទីជាប្រធានអាស៊ាននេះ បានបង្កើនទំនាក់​ទំនងទ្វេ​ភាគី​កម្ពុជា-អាមេរិកលើគ្រប់វិស័យ ហើយក៏បានលើកកម្ពស់ដល់ទំនាក់ទំនងអាមេរិក និងអាស៊ានផងដែរ។

ជាមួយគ្នានោះ លោក មីហាលេក ក៏បានជូនពរកម្ពុជា ឱ្យទទួលបាជោគជ័យក្នុង​ការ​ធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ​នា​ខែ​កក្កដា។

ក្នុងជំនួបខាងលើនេះ គណៈប្រតិភូអាមេរិក-អាស៊ាន បានជម្រាបសម្តេចតេជោ ពីគោល​បំណងរបស់ពួកគេទស្សនកិច្ចនៅកម្ពុជានាពេលនេះផងដែរ។

បើតាមលោក មីហាលេក បានឱ្យដឹងថា គោលបំណងមកកាន់កម្ពុជានាពេលនេះ គឺសម្តែងការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយ​វិបត្តិជំងឺកូវីដ១៩។ ក្នុងនោះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងស្វែងរក​មធ្យោ​បាយកែលំអរលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និង​មធ្យម​ក្នុងស្រុក និងឧស្សាហកម្មដែលរងគ្រោះខ្លាំង ក៏ដូចជាលើកកម្ពស់​វិស័យឯកជន​របស់អាមេរិក៕