(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា បច្ចេកវិទ្យាបានក្លាយជាក្បាលម៉ាស៉ីន នៃកំណើនសេដ្ឋកិច្ច។ ជាក់ស្ដែងប្រទេសជិត ដូចជាប្រទេសថៃ សិង្ហបុរី និងវៀតណាម បានប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីទាក់ទាញវិនិយោគិន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្តល់ព័ត៌មាន និងការប្រឹក្សាយោបល់ជូនវិនិយោគិន ការចុះបញ្ជីគម្រោងវិនិយោគ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពល ពិសេសលើវិស័យអេឡិចត្រូនិច ទេសចរណ៍ វប្បធម៌ និងម្ហូបអាហារ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពជំនាញឌីជីថលសម្រាប់មន្រ្តីការទូតកម្ពុជា» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យុគសម័យឌីជីថលនេះស្តែងបញ្ជាក់ថា បច្ចេកវិទ្យាបានក្លាយជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច។ ការចាប់យកបច្ចេកវិទ្យានៅពេលនេះ នឹងអនុញ្ញាតឱ្យយើងអាចប្រើប្រាស់វាជាឧបករណ៍មួយសម្រាប់ការទាញយកកំណើនសេដ្ឋកិច្ច តាមរយៈការជ្រៀតចូលទីផ្សារថ្មី ក្នុងពាណិជ្ជកម្មអេឡិចត្រូនិច និងការស្តារកិត្យានុភាពជាតិ តាមប្រព័ន្ធអ៊ីនធឺណែត»

បើតាម លោក ប្រាក់ សុខុន បដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ទ្បើងវិញនូវផែនផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ការប្រើប្រាស់មនុស្សយន្ត(Robot), ការបោះពុម្ព 3D, ការប្រើប្រាស់ ជីវបច្ចេកវិទ្យា (Biotech)។ល។ ការរីកចម្រើន និងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាព័ត៌មានវិទ្យា បានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទាំងសកលលោកមានការផ្លាស់ប្ដូរយ៉ាងគំហុក ទាំងក្នុងវិស័យ ផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម ធុរកិច្ច និងរដ្ឋបាលសាធារណៈ និងបច្ចេកវិទ្យា ជាដើម។ ទម្លាប់ចាស់ៗរបស់មនុស្សជាតិក៏ត្រូវបានកែប្រែ រាប់ចាប់ពីវិធីសាស្ត្រនៃការប្រាស្រ័យទាក់ទងគ្នា ការទទួលយកព័ត៌មាន និងរបៀបរបបធ្វើការប្រចាំថ្ងៃ។

លោកបន្តថា ស្របតាមនិន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញ និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាគំនាស់សម្រាប់អភិវឌ្ឍ ធានាអភិបាលកិច្ចល្អ និងបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ កំណែទម្រង់នេះមិនត្រឹមតែជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លើយតបនឹងបរិបទនៃការអភិវឌ្ឍនៅក្នុងពិភពលោក ដែលបើកឱកាសដល់ការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

លោកប្រមុខការទូត បានថ្លែងទៀតថា កាលពីឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

លោកបន្តថា គោលនយោបាយនេះមានគោលដៅ ១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល ២៖ កសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល ៣៖ កសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល និង ៤៖ លើកកម្ពស់កិច្ចសហការនិងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ របស់រាជរដ្ឋាភិបាលដូចជា៖ ភាពមានកម្រិតនៃការចែករំលែកព័ត៌មាន និងទិន្នន័យរវាងក្រសួងស្ថាប័ន គម្លាតនៃគោលនយោបាយ និងការអនុវត្តគោលនយោបាយ និងយន្តការតាមដាន និងវាយតម្លៃជាដើម៕