(ភ្នំ​ពេញ)៖ លោក ម៉េង ហេង ជាអតីតសហស្ថាបនិកចលនាមាតាធម្មជាតិជាមួយអេឡិច (ជនជាតិអេស្បាញ) និងជាបុគ្គលិកវិទ្យុអាស៊ីសេរីដែរនោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញវីដេអូប្រកាសជាផ្លូវការ ក្នុងការរៀបចំបង្កើតអង្គការមាតាធម្មជាតិ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ។

តាមរយៈវីដេអូនេះ លោក ម៉េង ហេង បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបាទ ម៉េង ហេង សូមប្រកាសបង្កើតអង្គការមាតាធម្មជាតិ ចាប់ពីពេលនេះតទៅ ដើម្បីកៀរគរ ក៏ដូចជាឱ្យយុវជនទាំងអស់គ្នាជាពិសេសសកម្មជនចលនាមាតាធម្មជាតិ ដែលកំពុងដើរគោលនយោបាយចាញ់បោក ក៏ដូចជាចាញ់កលជនមួយចំនួន ក្រោមលេសនៃការការពារបរិស្ថាន ដើម្បីចង់បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសកម្ពុជាអាប់ឱនកិត្តិយស»

លោកបានអះអាងថា រាជរដ្ឋាភិបាល បានចេញគោលនយោបាយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក នៃសន្តិភាពប្រទេសកម្ពុជា បានផ្តល់ឱកាសដល់រូបគេ ចូលរួមក្នុងការការពារបរិស្ថាន។

លោកបានអំពាវនាវដល់សមាជិកចលនាមាតាធម្មជាតិទាំងអស់ចូលរួមជាមួយលោក ក្នុងអង្គការមាតាធម្មជាតិ ដើម្បីលើកស្ទួយវិស័យបរិស្ថាន។ លោកក៏បានថ្លែងអំណរគុណសម្តេចតេជោ ផងដែរដែលបានផ្តល់ឱកាសដល់យុវជនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពលើកស្ទួយវិស័យនេះ។

លោក ម៉េង ហេង ដែលធ្លាប់ចូលរួមយ៉ាងសកម្មជាមួយចលនាមាតាធម្មជាតិ ធ្វើសកម្មភាពទៅលើការការពារព្រៃឈើ និងបរិស្ថាន រួមទាំងកិច្ចការសង្គមផ្សេងទៀត ពេលនេះ បានសម្រេចចិត្តចូលរួមជាមួយក្រុមយុវជនសង្គមស៊ីវិល ដែលគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។

«មូលហេតុដែលខ្ញុំចូលរួម ដោយសារតែកន្លងមក ខ្ញុំបាទធ្វើសកម្មភាពសង្គមមិនបានពេញលេញទៅតាមសមត្ថភាពដែលខ្លួនឯងមាន និងមិនបានយល់ដឹងស៊ីជម្រៅអំពីគោលនយោបាយការពារបរិស្ថានរបស់រាជរដ្ឋាភិបាល ជាហេតុធ្វើឱ្យខ្ញុំបាទ ធ្វើសកម្មភាពសង្គម ដើរផ្ទុយនឹងច្បាប់ដែលបានចែង»។ នេះបើតាម លោក ម៉េង ហេង។

លោក ម៉េង ហេង ក៏បានសុំអភ័យទោសផងដែរ ដែលកន្លងទៅខ្លួនបានធ្វើសកម្មភាពដើរផ្ទុយនឹងច្បាប់បណ្តាលឱ្យប្រទេសកម្ពុជាត្រូវអាប់ឱនកិត្តិយស។ លោកប្តេជ្ញាថា នឹងធ្វើសកម្មភាពតាមរយៈអង្គការមាតាធម្មជាតិថ្មី ដើម្បីស្តារនូវកិត្តិយស និងប៉ះប៉ូវនូវកំហុសរបស់ខ្លួនកន្លងមក៕