(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០១៦នេះ គម្រោងអភិវឌ្ឍន៍ អលចនទ្រព្យ នៅប្រទេសម៉ាឡេស៊ី បាននាំយកមកកាន់ប្រទេសកម្ពុជា ដើម្បីប្រកាសលក់ គម្រោងនោះ នៅទីផ្សារប្រទេសកម្ពុជា សម្រាប់អ្នកវិនិយោគ និង ប្រជាជនដែលមានធនធានក្នុងការជាវគម្រោងខុនដូ ។គម្រោងដែលនាំយកមកកាន់កម្ពុជា នៅពេលនេះ ឈ្មោះថា គម្រោង Paradiso Nuova នៅទីក្រុង Medini , Iskandar Puteri ប្រទេសម៉ាឡេស៊ី ។

លោក Alex Pan ជំនួយការអ្នកគ្រប់គ្រងនៃ ក្រុមហ៊ុន Zhuoyuan Iskandar ដែលជាគម្រោងអភិវឌ្ឍន៍លើគម្រោងខុនដូ មកលក់នៅកម្ពុជា នេះបានអោយដឹងថា ក្រុមហ៊ុន Zhuoyuan Iskandar បាននាំចូល គម្រោងជាច្រើនមកកាន់ប្រទេសកម្ពុជា ដូចជាគម្រោងខុនដូ និងសណ្ឋាគារ សម្រាប់អ្នកវិនិយោគ និង ប្រជាជន កម្ពុជាទាំងមូល។

លោកបន្ដថា«ការវិនិយោគលើគម្រោង Paradiso Nuova នឹងទទួលបានអត្ថប្រយោជន៍ខ្ពស់ ដល់វិនិយោគិននៅកម្ពុជា និងរំពឹងថាការលក់គម្រោងនេះ នឹងទទួល បានជោគជ័យ ព្រោះ បច្ចុប្បន្នកំណើតសេដ្ឋកិច្ចប្រទេស មានភាពល្អប្រសើរ ហើយគម្រោងនេះ មិនមែនលក់តែក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ីប៉ុណ្ណោះទេ តែថែមទាំងបានយកទៅលក់ នៅបណ្ដាប្រទេសផ្សេងៗទៀតដូចជា តៃវ៉ាន់ ជប៉ុន ចិន សឹងហ្កាពួរ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាជាដើម ចំពោះការលក់​គម្រោង​នៅ​កម្ពុជា យើងសង្ឃឹមថា នឹងលក់បានពី ៥ទៅ១០យូនីត នៃគម្រោងទាំងអស់ដែល យើងនាំយកមកខណៈពេលបច្ចុប្បន្ន ការលក់គម្រោងទាំងមូល របស់យើង ក៏បានច្រើនគួរសមដែរ ក្នុងបណ្ដាប្រទេសផ្សេងៗ រាប់ទាំងម៉ាឡេស៊ីផងដែរ»

លោក Javis Ang នាយកប្រតិបត្តិនៃក្រុមហ៊ុន SC Realty ជាក្រុមហ៊ុនទទួលបានការលក់គម្រោង Paradiso Nuova នៅកម្ពុជា បានឱ្យដឹងថា ការនាំយកគម្រោងពីក្រៅ​ប្រទេសមកលក់នៅកម្ពុជា វាមិនត្រឹមតែលក់គម្រោងប៉ុណ្ណោះទេ តែថែមទាំងអាចទាក់ទាញអ្នកវិនិយោគ ដើម្បីសិក្សាមើលពីសក្ដានុពលនៃការវិនិយោគ វិស័យ​អចលនទ្រព្យ នៅកម្ពុជាផងដែរ ។

លោកបន្ថែមថា«យើងសង្ឃឹមថា ក្នុងនាមជាក្រុមហ៊ុនប្រឹក្សា និងភ្នាក់ងារលក់គម្រោងនឹងអាចនាំយកគម្រោងក្រៅស្រុក មកក្នុងស្រុក ពីគម្រោងវិនិយោគក្នុងស្រុក ទៅកាន់អ្នកវិនិយោគក្រៅស្រុកផងដែរ »

លោក Alex Pan បានបញ្ជាក់បន្ថែមថា ច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី ចំពោះជនបរទេសវាមិនខុសពី ច្បាប់នៅក្នុងប្រទេសកម្ពុជាទេ គឺជនបរទេស អាចមានសិទ្ធិ​កាន់​កាប់គម្រោងផ្ទះ ចាប់ពីជាន់ទី១ឡើង ទៅ តែវាខុសពីស្រុកខ្មែរបន្តិចត្រង់ថា រាល់អ្នកវិនិយោគទាំងឡាយ ដែលវិនិយោគទឹកប្រាក់​នៅក្រោម៤០ម៉ឺន​ដុល្លារ​អត់មានសិទ្ធិកាន់កាប់គម្រោងវិនិយោគនោះទេ តែសម្រាប់គម្រោង Paradiso Nuova ជាគម្រោងដែលសម្រួលដល់ជនបរទេស អាចកាន់កាប់បានចាប់​ពីជាន់ទី១​ឡើង​ទៅ ទោះក្នុងទឹកប្រាក់ប៉ុន្មានក៏ដោយ៕