(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការបកស្រាយមួយចំណុចម្តងៗ ទៅនឹងសំណួររបស់គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង អំពីភាពមានសិទ្ធិឈរឈ្មោះបោះឆ្នោត និងតើ គ.ជ.ប បានរៀបចំចាត់ចែងដូចម្តេចសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ?។

ការបកស្រាយនឹងសំណួររបស់ប្រធាន គ.ជ.ប បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានទទួលជួបគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង ដឹកនាំដោយ លោកស្រី ហ្កាប្រ៊ីអែល កាតស្មារិក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់ ដើម្បីពិភាក្សាអំពីការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្តីការ គ.ជ.ប។

លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា ប្រតិទិននៃការបោះឆ្នោត ផែនការមេ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតរួចរាល់ហើយ។ បទបញ្ជា និងនីតិវីធីនោះ មានការចូលរួមផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មុននឹង គ.ជ.ប អនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោក ប្រាជ្ញ ចន្ទ បានបន្តថា ការរៀបចំការបោះឆ្នោតនៅកម្ពុជាមាន៤ ដំណាក់កាលធំៗគឺ៖

ទី១៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បានចប់សព្វគ្រប់ហើយ ដែលមានឈ្មោះអ្នកបោះឆ្នោតជាង ៩ លាននាក់។ អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ ទើបមានសិទ្ធិបោះឆ្នោតបាន។

ទី២៖ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។ មកដល់ពេលនេះ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានចំនួន ៤៦ គណបក្ស។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

ទី៣៖ ការឃោសនាបោះឆ្នោត។ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត គណបក្សនយោបាយមានសិទ្ធិធ្វើការឃោសនាបោះឆ្នោតជាច្រើនរូបភាព ដូចជាការហែក្បួនឃោសនានៅតាមទីសាធារណៈ ចំនួន ៤ដង មានសិទ្ធិឃោសនាបោះឆ្នោតតាមផ្ទះជាដើម។ ម៉្យាងទៀត គណបក្សនយោបាយមានសិទ្ធិឃោសនាបោះឆ្នោតដោយស្មើភាពគ្នា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ដែលកម្មវិធីនោះត្រូវបានរៀបចំឡើងដោយ គ.ជ.ប។ ជារួម គណបក្សនយោបាយមានសិទ្ធិរៀបចំកម្មវិធីឃោសនារបស់ខ្លួន ទៅតាមលទ្ធភាពរបស់គណបក្ស។

និងទី៤៖ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ ចំពោះការបោះឆ្នោត គឺប្រជាពលរដ្ឋធ្វើការបោះឆ្នោតដោយសម្ងាត់ ដោយសេរី និងគ្មានការភ័យខ្លាច។ ក្រោយការបោះឆ្នោតចប់ ដំណើរការរាប់សន្លឹកឆ្នោតត្រូវចាប់ផ្តើមនៅទីនោះភ្លាមតាមនីតិវិធីច្បាប់។ បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតត្រូវបានបិទផ្សាយជាសាធារណៈ នៅខាងមុខការិយាល័យរាប់សន្លឹកឆ្នោត។ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត មានភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ដែលនៅពិនិត្យមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងករណីឃើញមានភាពមិនប្រក្រតី ភ្នាក់ងារគណបក្សនយោបាយ មានសិទ្ធិប្តឹងតវ៉ាភ្លាមៗនៅទីនោះ ហើយការដោះស្រាយបណ្តឹងត្រូវធ្វើឡើងតាមឋានានុក្រម និងតាមនីតិវិធីច្បាប់។ គ្រប់ដំណើរនៃការបោះឆ្នោតទាំងអស់ ត្រូវធ្វើឡើងដោយតម្លាភាព។

ប្រធានក្រុមសភានៃសហព័ន្ធអាលឺ្លម៉ង់ ក៏បានថ្លែងអំណរគុណដល់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីទទួលជួបគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់។

លោកស្រីសង្ឃឹមថា នឹងទទួលបានព័ត៌មានច្រើនពី គ.ជ.ប ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាពេលដ៏ខ្លីខាងមុខនេះ៕