(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានលើកឡើងថា ការអភិវឌ្ឍផ្នែកឌីជីថល ក្នុងវិស័យកសិកម្ម នឹងជួយដល់ការធានា នូវផលិតភាព និងទីផ្សារ ព្រោះថា ព័ត៌មានផ្នែកឌីជីថល នឹងជួយបានយ៉ាងច្រើន សម្រាប់កសិកម្ម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា ចូលរួមបើកសិក្ខាសាលា ស្តីពី ការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ការអភិវឌ្ឍខាងផ្នែកព័ត៌មានវិទ្យា ដែលសព្វថ្ងៃនេះ យើងក្លាយជាសង្គមឌីជីថល ហើយចំណែកកសិកម្ម ក៏ត្រូវការឌីជីថល ដែលអាចធ្វើឲ្យការធានា នូវផលិតភាព និងទីផ្សារ ជាពិសេសព័ត៌មាន ដែលផ្នែកឌីជីថល នឹងជួយបានយ៉ាងច្រើន»

ក្នុងឱកាសនោះ លោក ឌិត ទីណា ក៏បានប្រាប់ឲ្យត្រូវគិតគូរ លើការប្រើប្រាស់នូវបច្ចេកវិទ្យា ក្នុងវិស័យកសិកម្មទំនើប (Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ (Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ក្នុងការកាត់បន្ថយការចំណាយ។

លោករដ្ឋមន្ដ្រី ឌិត ទីណា បានលើកឡើងថា ផ្នែកព័ត៌មានវិទ្យា គឺមានការលូតលាស់ខ្លាំង ដែលយើងអាចយកស្ថានភាពនេះ មកធ្វើជាធនធានសម្រាប់ជំរុញ ឲ្យការធ្វើកសិកម្មឆ្លាតវៃ ឲ្យកាន់តែខ្ពស់ឡើង។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីកសិកម្ម ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមូលនិធិ IFAD និងដៃគូសហការ ដែលបានរួមចំណែកជួយរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាកសិករ ចាកចេញពីភាពក្រីក្រ។

បើតាមលោករដ្ឋមន្ត្រី គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដោយមិនត្រូវបន្តឲ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ ហើយគោលនយោបាយនេះ រំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។

លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT បានឲ្យដឹងថា កម្មវិធីនេះ ប្រើរយៈពេល ៧ឆ្នាំ ចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩ ក្នុងគោលបំណង ដើម្បីជំរុញបង្កើតផលិតកម្មកសិកម្ម ហើយធ្វើឲ្យកសិផល ដែលចេះតែកើនបរិមាណ គុណភាព អាចលក់បានមិនចាស់ទីផ្សារ និងបានថ្លៃសមរម្យទាំងនៅក្នុងស្រុក និងក្រៅប្រទេស។

បន្ថែមពីនេះ បង្កើតទីផ្សារនាំចេញ ដើម្បីបង្កើនចំណូលអ្នកផលិត និងពលករជនបទ។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE-AT។

សូមបញ្ជាក់ថា គោលបំណង នៃសិក្ខាសាលាខាងលើនេះ ដើម្បីប្រកាសជាផ្លូវការ អំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគី ពាក់ព័ន្ធទាំងអស់ ពិភាក្សា និងបញ្ជាក់ពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី និងការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣។

គម្រោងនេះ មានរយៈពេល៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ៖ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ៕