(ព្រៃវែង)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ប្រចាំការក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល និងមន្ត្រីបសុពេទ្យ ព្រមទាំងអាជ្ញាធរមូលដ្ឋានចុះទៅកាន់ភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ជាទីដែលមានកុមារីម្នាក់បានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី H5N1 ដើម្បីធ្វើការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងភូមិអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ឲ្យដឹងថា ក្នុងយុទ្ធនាការនោះក្រុមការងារក្រសួងសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានបិទនូវប័ណ្ណផ្សេងៗ អំពីវិធីបង្ការការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ហើយបើមានករណីបងប្អូនប្រជាពលរដ្ឋណាក្តៅខ្លួនសង្ស័យ គឺត្រូវធ្វើតេស្តភ្លាមៗផងដែរ។

លោកស្រីបញ្ជាក់ថា «រហូតមកដល់រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មិនទាន់មានប្រជាពលរដ្ឋក្នុងភូមិណាម្នាក់ មានរោគសញ្ញាថា ឆ្លងជំងឺគ្រុនផ្តាសាយបក្សីទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមគ្រូពេទ្យនៅប្រចាំការជាប់ជានិច្ច ក្នុងភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋ បើសិនប្រជាពលរដ្ឋមានការសង្ស័យ ក្រុមគ្រូពេទ្យនឹងធ្វើតេស្តភ្លាមៗ»

ក្នុងឱកាសចុះធ្វើយុទ្ធការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋនេះ លោកស្រី យក់ សម្បត្តិ ក៏បាននាំយកនូវថវិកាចំនួន ២លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យបុណ្យសពកុមារី ដែលស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព។

សូមជម្រាបថា កុមារីម្នាក់ អាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី H5N1។

កុមារីរូបនេះបាន​ចាប់ផ្តើមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ និងឈឺក​។ ក្រោយព្យាបាលមិនធូរស្រាលរយៈ៣ថ្ងៃមិនធូរស្រាល​ ដោយកុមារីចាប់ផ្តើមហត់ ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នៅភ្នំពេញ​។

គ្រូពេទ្យព្យាបាលបានយក​វត្ថុផ្ញើ​មក​វិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ថ្ងៃទី​២២​ ខែកុម្ភៈ ឆ្នាំ២០២៣​ បញ្ជាក់ថាមានវិជ្ជមាន​មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិត៕