(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត៧៣គ្រួសារ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនោះលោក ធឹម សំអាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយក្តីនឹករលឹកផងដែរ។

លោក ធឹម សំអាន បានចុះពិនិត្យស្ថានភាពផ្ទាល់ចំពោះជីវភាពពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់បងប្អូនប្រជាជនទាំងអស់នៅមូលដ្ឋានខណ្ឌព្រែកព្នៅ ពិសេសបងប្អូនពលរដ្ឋចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះ អាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ វាងាយនឹងរងជំងឺផ្តាសាយ និងចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាប្រចាំ។

ពិសេសនៅរដូវខ្យល់ត្រជាក់នេះ លោកអភិបាលខណ្ឌ សូមអំពូមីងថែរក្សាសុខភាព សូមបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលលោក ឃួង ស្រេង តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ច ក្នុងគ្រា ដែលពុកម៉ែបងប្អូនប្រជាជន ជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានលោក ឃួង ស្រេង បានចាត់រូបលោកជាតំណាង ចុះជួបបងប្អូន ដើម្បីដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គឺលោកមិនបណ្តែតបណ្តោយទុកឱ្យពុកម៉ែ បងប្អូនណាម្នាក់គាត់ ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកអភិបាលខណ្ឌ បញ្ជាក់ថា អំណោយរួមមាន៖ អង្ករ១បាវ ២៥គីឡូក្រាម មី ទឹត្រី ទឹកស៊ីអ៉ីវ និងថវិកា ២០,០០០រៀល៕