(មណ្ឌលគិរី)៖ លោក កែវ សុភគ៌ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារគម្រោង ដាំស្តារព្រៃឈើឡើងវិញនៅចំណុចស្នាក់ការខ្ទង់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមានការដុះលូតលាស់នៅលើផ្ទែដី ៦ហិកតា គួរឲ្យកត់សម្គាល់។

លោកអគ្គាធិការ បានលើកឡើងថា គម្រោងដាំស្ដារព្រៃឈើឡើងវិញនេះ ជាគម្រោងដែលទទួលថវិកាពីមូលនិធិ បរិស្ថាន និងសង្គម តាមរយៈក្រសួងបរិស្ថាន ដោយបានផ្ដោតសំខាន់លើ ការបណ្ដុះ និងការដាំកូន ឈើប្រភេទអាកាស្យាជ្រើសធ្វើជាមេពូជ (Acacia auriculifarmis)។

លោកបានបន្តថា ដំណាំឈើក្លូនរុក្ខជាតិនេះ គឺលូតលាស់លឿនគួរឲ្យកត់សម្គាល់ ដែលមន្រ្តីឧទ្យានុរក្ស និងក្រុមការងារទាំងអស់ ធ្វើជាប្រចាំនូវការរៀបចំប្រព័ន្ធទឹក និងរៀបចំដីសម្រាប់ការដាំនៅដើមរដូវវស្សាខាងមុខនេះ។

លោកអគ្គាធិការ បញ្ជាក់ទៀតថា ក្លូនប្រភេទអាកាស្សាមានចំនួន១០ម៉ឺនកូន ដែលមន្រ្តីឧទ្យានុរក្ស ត្រូវបណ្ដុះនិងដាំនៅលើផ្ទៃដីទំហំជាង៥០ហិកតា ក្នុងដែនជម្រក សត្វព្រៃភ្នំព្រេច។ ក្នុងនាមលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារបច្ចេក ទេសមួយនេះទទួលបាននូវលទ្ធផលគួរជាទីមោទនៈ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសគឺសាមគ្គីភាពផ្ទៃក្នុង៕