(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្តាលចំនួន៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៉ីហ្គេម លើកទី៣២។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ការបញ្ជាក់របស់រដ្ឋាភិបាលជប៉ុន បានធ្វើឡើងតាមរយៈ លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក និងលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងជជែកលើការងារមួយចំនួន នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម តាកេ បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តមនឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ហើយថ្ងៃខាងមុខនេះ ជប៉ុននឹងបញ្ជូនអាជ្ញាកណ្តាល ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៉ីហ្គេម»

ឆ្នាំ២០២៣នេះ គឺជាខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងផ្លូវការរវាងកម្ពុជា-ជប៉ុន។ កម្ពុជា និងជប៉ុន បានកំណត់យកឆ្នាំ២០២៣នេះ ដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

បើតាមលោក អ៊ាង សុផល្លែត, លោក តាកេ ក៏បានសម្តែងនូវក្តីរីករាយជាមួយទំនាក់ទនងកម្ពុជានិងជប៉ុន ដែលត្រូវបានលើកកម្ពស់ពីដៃគូជាយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យកងទ័ព វិស័យដោះមីន និងវិស័យដទៃជាច្រើនទៀត។

សូមជម្រាបថា ការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ស៉ីហ្គេម ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

បើតាមការឲ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានត្រៀមថវិកា ១២០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕