(រតនគិរី)៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការប្រមូលផលគ្រាប់ស្វាយចន្ទីរដើមឆ្នាំ មិនបានទិន្នផលខ្ពស់ (ចន្ទីរចេញផ្កាដំបូង) ដោយសារអាកាសធាតុក្តៅចាប់ពី២៧អង្សារសេ និងភ្លៀងធ្លាក់មានសំណើមខ្លាំងជាង៨០% ដែលជាកត្តាមិនអាចបង្កកំណើតជាផ្លែផ្កា (ផ្កាក្រៀម) ជាមួយល្បឿនខ្យល់លើសពី២០គីឡូម៉ែត្រ ក្នុង១ម៉ោង។

លោកថា «ការផ្តល់ផ្លែភាគច្រើនតែទៅលើផ្កាទ្វេភេទ (ពី៥%-២៥%) ដែលធ្វើឲ្យការប្រមូលផលបានតិចនៅដើមរដូវនៅចំការចន្ទីរមួយចំនួន»

លោកបន្តថា «ចំពោះចន្ទីរដែលមានអាយុកាលប្រមូលផលពេញបានចេញផ្កាជាលើកទី២ឃើញថាល្អ យើងនឹងអាចវាយតម្លៃបានពីទិន្នផលនៅពាក់កណ្តាលខែមីនាឆ្នាំនេះ ដែលជាការប្រមូលផលពេញលេញ»

លោក សយ សូណា បញ្ជាក់ទៀតថា ទូទាំងខេត្តរតនគិរីផ្ទៃដីសរុបដាំចន្ទីរមានចំនួន ៦១,៥៤៨ហិកតា និងផ្ទៃដីប្រមូលផល៥១,៦៤២ហិកតា។

ចំពោះតម្លៃប្រមូលទិញបច្ចុប្បន្នមានតម្លៃប្រហាក់ប្រហែលនឹងឆ្នាំ២០២២ គឺគ្រាប់ស្វាយចន្ទីរចម្រុះក្នុង១គីឡូក្រាម ៤៥០០រៀល-៤៦០០រៀល ប៉ុន្តែអ្វីជាការកត់សម្គាល់ពាក់ព័ន្ធផ្លែផ្កាគុណភាពឃើញថា គ្រាប់ស្វាយចន្ទីរពុំសូវល្អដូចឆ្នាំមុនតម្លៃប្រមូលទិញធ្លាក់ចុះពី១០០រៀល-២០០រៀល។ នេះបើតាមប្រធានមន្ទីរកសិកម្មបន្ថែម។

ដោយឡែក លោក អឿន នី ម្ចាស់ចំការចន្ទីរមួយកន្លែង នៅឃុំឯកភាព ស្រុកអូរជុំ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ចន្ទីរគាត់ចេញផ្កាលើកទី២ឃើញថាល្អ សង្ឃឹមថា នឹងទទួលបានទិន្នខ្ពស់ជាងចន្ទីរចេញផ្កាលើក១ មិនសូវបានផលដោយសារអាកាសធាតុក្តៅ និងមានភ្លៀងធ្លាក់មានសំណើមខ្លាំងពោលគឺផ្កាអត់កាន់ផ្លែ។

លោកបន្តទៀតថា ទោះបីរាជរដ្ឋាភិបាល មិនមានគោលការណ៍ឲ្យលុយក្រៅផ្លូវការណ៍ពីការនាំចេញកសិផលទៅក្រៅប្រទេសក៏ដោយ ប៉ុន្តែសមត្ថកិច្ចគ្រប់ច្រកអន្តរជាតិចាំគៀបយកលុយ ពីថ្លៃដឹកជញ្ជូនកសិផល គឺកំណត់យកលុយក្នុង១រថយន្តចាប់ពី៣០ម៉ឺន-៤០ម៉ឺនរៀល ដែលជាហេតុនាំឲ្យក្រុមឈ្មួញទិញទម្លាក់តម្លៃពីប្រជាកសិករ។ បងប្អូនប្រជាកសិករសំណូមពរទៅលោក ឌិត ទីណារដ្ឋ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបទទួលតំណែងថ្មីមេត្តាជួយអន្តរាគមន៍ពួកគាត់ផង៕