(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពបដិសណ្ឋារកិច្ចនៅតាមច្រកទ្វារអន្តរជាតិ ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ផ្តល់ទំនុកចិត្តជូនភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់រូប។

ការប្រកាសនេះធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ ៧៤២ សជណ.ផក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ តម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានកាតព្វកិច្ច និងត្រូវចូលរួមឱ្យសកម្មក្នុងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ និងស្របតាមផែនទីចង្អុលផ្លូវរបស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA-GAME និង ASEAN PARA-GAME ២០២៣ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣»

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រព័ន្ធនេះអនុញ្ញាតឱ្យភ្ញៀវទេសចរ និងអ្នកដំណើរអាចចូលរួមផ្តល់មតិយោបល់ កែលម្អលើគ្រប់ផ្នែកប្រតិបត្តិការនៅតាមច្រកទ្វារ ដោយគ្រាន់តែចូលទៅក្នុងគេហទំព័រ www.cambodiabesthospitality.org (http://www.cambodiabesthospitality.org/) ឬស្កេន QR Code ដែលមានបិទផ្សាយនៅតាមច្រកទ្វារនីមួយៗ និងនៅគ្រប់មូលដ្ឋានអាជីវកម្មស្នាក់នៅទេសចរណ៍ទូទាំងប្រទេស។ ប្រព័ន្ធផ្តល់មតិយោបល់នេះមានជម្រើសភាសាចំនួន៨ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ វៀតណាម និងភាសាថៃ។

ក្រសួងទេសចរណ៍បានបន្តថា ទម្រង់ផ្តល់មតិយោបល់ចែកចេញជា៦ផ្នែក គឺទី១.កន្លែងត្រួតពិនិត្យមុនចូល (Check In) ទី២.កន្លែងអន្តោប្រវេសន៍ ទី៣.កន្លែងពិនិត្យអីវ៉ាន់យួរដៃ និងរាងកាយ X-Ray ទី៤.កន្លែងមន្ត្រីគយ ទី៥.កន្លែងចត្តាឡីស័ក និងទី៦.ព័ត៌មានអំពីអ្នកផ្តល់យោបល់៕

ខាងក្រោមនេះជាស្ប៉តវីដែអូអំពីប្រព័ន្ធប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ៖