(កំពង់ស្ពឺ)៖ ក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានសម្រេចផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រវិស្វកម្ម ជាច្រើនគ្រឿង ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា ក្នុងគោលបំណងផ្ដល់ការហ្វឺនហ្វឺនដល់កម្លាំងរក្សាសន្តិភាព ឱ្យក្លាយជាគ្រូបង្គោលសម្រាប់អនុវត្តគម្រោងហ្វឹកហ្វឺនត្រីភាគី អ.ស.ប-កូរ៉េ-កម្ពុជា នាចុងឆ្នាំ២០២៣នេះ ជាពិសេសដើម្បីពង្រឹងសមត្ថភាពជំនាញវិស្វកម្ម សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោកវរសេនីយ៍ឯក ប៉ាក់ ស៊ូមែន សេនានុព័ន្ធសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញត្រួតពិនិត្យ និងធ្វើជាសាក្សីទទួលគ្រឿងចក្រវិស្វកម្មនេះ បន្ទាប់ពីបញ្ចូនមកដល់សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) ខេត្តកំពង់ស្ពឺ។

គ្រឿងចក្រទាំងនេះ នឹងបម្រើឱ្យការងារហ្វឹកហ្វឺនមុននឹងចល័តកងកម្លាំងទៅតំបន់បេសកកម្មកាន់តែមានប្រសិទ្ធភាព ដ្បិតកម្លាំងទាំងអស់ ត្រូវប្តូរវេនជារៀងរាល់ឆ្នាំ និងតម្រូវឱ្យទទួលបានការហ្វឹកហ្វឺនមុនចល័ត ដើម្បីដើរឱ្យទាន់សភាពការណ៍ មុននឹងធ្វើយុទ្ធដំណើរទៅកាន់តំបន់បេសកកម្ម។

នាយ

ឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ការមកដល់នៃគ្រឿងចក្រវិស្វកម្មនាពេលនេះ គឺជាសក្ខីភាព ក្រោយពីអនុស្សរណនៃការយោគយល់ ស្ដីពីប្រតិបត្តិការរក្សាសន្តិភាព រវាងកម្ពុជា-កូរ៉េ និងការផ្ទេរប្រគល់គ្រឿងចក្រវិស្វកម្ម ក្រោមគម្រោងហ្វឹកហ្វឺនត្រីភាគី អ.ស.ប ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក លី ចង ស៊ុប (Lee Jong-Sup) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ក្នុងទឹកដីខេត្តសៀមរាប។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េខាងត្បូងនេះ មិនត្រឹមតែសម្រាប់អនុវត្តគម្រោងត្រីភាគីប៉ុណ្ណោះទេ តែក៏បានឆ្លុះបញ្ចាំងពីការរួមចំណែកអនុវត្តឱ្យមានប្រសិទ្ធភាព «សកម្មភាពដើម្បីសន្តិភាពបូក» ដែលបានកែតម្រូវថ្មី ដោយ អ.ស.ប ដែលសង្កត់ធ្ងន់លើទី១៖ លើការពង្រឹងភាពជាដៃគូរ ទាំងទ្វេរភាគី និងពហុភាគី។ ទី២៖ ការផ្ដល់ទំនុកចិត្ត និងពង្រឹងសមត្ថភាពដល់កម្លាំងរក្សាសន្តិភាព ឱ្យអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធិភាព និងសុវត្តិភាព ជាពិសេសបង្ហាញពីការតាំងចិត្ត ដ៏មុះមុតរបស់រដ្ឋាភិបាលកូរ៉េ អំឡុងពេលដែលសាធារណរដ្ឋកូរ៉េ បានធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីការរក្សាសន្តិភាព កាលពីខែធ្នូ ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីបន្តរួមចំណែកក្នុងកិច្ចការរក្សាសន្តិភាព ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខក្នុងលោក។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានកម្លាំងវិស្វកម្មកំពុងប្រតិបត្តិការនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល លីបង់ និងម៉ាលី។ កម្លាំងទាំងអស់នេះ ត្រូវធ្វើការប្តូរវេនជារៀងរាល់ឆ្នាំ និងតម្រូវឱ្យទទួលបានការហ្វឹកហ្វឺនមុនចល័ត ដើម្បីដើរឱ្យទាន់សភាពការណ៍មុននឹងធ្វើយុទ្ធដំណើរទៅកាន់តំបន់បេសកកម្ម។ ដូច្នេះ គ្រឿងចក្រទាំងនេះនឹងបម្រើឱ្យការងារហ្វឹកហ្វឺនមុននឹងចល័តនេះផងដែរ៕