(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក រ័ត្ន ស៊ីថា បានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសស្ត្រី និងបុរសជាប់ចោទ២នាក់មានឈ្មោះ នន់ ស្រីលក្ខណ៍ ហៅ វីន ភេទស្រី អាយុ ៤៣ឆ្នាំ និងឈ្មោះ ដែន សោភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់៧ឆ្នាំក្នុងម្នាក់ៗ ក្រោមបទចោទ «ពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សាបង្កប់សេវាបម្រើផ្លូវភេទ» តាមមាត្រា២៨ ច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។

សាលក្រមនេះ ត្រូវបានតុលាការលើកយកមកប្រកាស កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ ប្រព្រឹត្តនៅចំណុចហាងម៉ាស្សាកោសជប់ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០២២កន្លងទៅ។

ពួកគេទាំង២នាក់ ត្រូវបានតំណាងខាងតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «សញ្ចារកម្មមានស្ថានទម្ងន់ទោសទក់ទងនឹងជនរងគ្រោះ» តាមមាត្រា២៨នៃច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។

ពួកគេត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាបទីតាំងហាងម៉ាស្សានៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កំឡុងពេលប្រតិបត្តិការសមត្ថកិច្ចឃាត់ខ្លួនស្ត្រីម៉ាស្សាចំនួន៩នាក់ ក្នុងនោះមាន២នាក់ ជាអនីតិជនដកហូតវត្ថុតាងរួមមានវត្ថុតាងមួយចំនួន ដែលមិនទាន់ប្រើរួច នៅក្នុងបន្ទប់ម៉ាស្សាកន្លែងកើតហេតុ៕