(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌកំបូល បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនដៃដល់២នាក់ ដែលប៉ងកាប់សម្លាប់យុវជនម្នាក់ ដោយប្រើកាំបិតប៉័ងតោបណ្តាលឱ្យរបួសធ្ងន់ស្ទើរស្លាប់ នៅចំណុចមុខបុរីវិមានមង្គល ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា «ហេតុការណ៍ ឃាតកម្មគិតទុកជាមុននេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣៖២៥នាទីរសៀល នៅចំណុចមុខបុរីវិមានមង្គល ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ»។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ម៉ី ផាន់ណា ហៅ ផាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានសារធាតុញៀន)។

*ទី២៖ ឈ្មោះ មុំ សុម៉ៃ ហៅ និត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសំរោង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានសារធាតុញៀន)។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AN-2388 កាំបិតប៉័ងតោ ១ដើម។ ចំណែកជនរងគ្រោះឈ្មោះ ពុំ ឆេងលីម អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របួសក្បាលផ្នែកខាងក្រោយ លើកញ្ចឹងកចំនួន១កន្លែងដេរ ៥៥ថ្នូររបួសធ្ងន់។

សមត្ថកិច្ចបានបន្តថា ដំណើររឿងមុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣៖១៥នាទី ជនរងគ្រោះបានបើកម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរី០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JR-8186 ចេញពីធ្វើការនៅរោងចក្រជីជី ហ្វេសសិន ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រឡប់ទៅបន្ទប់ជួលរបស់ជនរងគ្រោះវិញ នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ពេលជនរងគ្រោះជិះម៉ូតូហួសផ្លូវរថភ្លើង ប្រហែល ៥០ម៉ែត្រ មុខបុរីវិមានមង្គល ផ្លូវជាតិលេខ៤ ស្រាប់តែជនសង្ស័យឈ្មោះ មុំ សុម៉ៃ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AN-2388 ឌុបជនសង្ស័យឈ្មោះ ម៉ី ផាន់ណា វ៉ាអែបខាងស្តាំដៃជនរងគ្រោះ។

ពេលនោះជនសង្ស័យឈ្មោះ អី ផាន់ណា បានបើកកាំបិតប៉័ងតោកាន់នៅដៃខាងឆ្វេងកាប់លើជនជនរងគ្រោះ ត្រូវចំក្បាលផ្នែកខាងក្រោយលើកញ្ចឹងក១កាប់បិត រួចក្រុមជនសង្ស័យបានបន្ថែមល្បឿនម៉ូតូគេចខ្លួនទៅផ្ទះរៀងៗខ្លួន។

ចំណែកជនរងគ្រោះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ក្រោយកើតសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានចុះទៅបំភ្លឺ និងទទួលពាក្យបណ្តឹងជនរងគ្រោះនៅមន្ទីរពេទ្យផ្ទាល់តែម្តង។

បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៤ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច ឈានទៅឃាត់ខ្លួន ជនសង្ស័យឈ្មោះ ម៉ី ផាន់ណា និងជនសង្ស័យ ឈ្មោះ មុំ សុម៉ៃ រួមទាំងវត្ថុតាងកាំបិតប៉័ងតោ១ដើម និងមធ្យោបាយធ្វើសកម្មភាព នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។

ពេលសាកសួរជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ប្រើកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ ស៊ូ បានពឹងពួកគេកាប់ជនរងគ្រោះ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់៕