(ភ្នំពេញ)៖ ក្រុមសង្គមស៊ីវិលដែលធ្លាប់ប្រឆាំងរដ្ឋាភិបាលចំនួន៨ បានសម្ដែងការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ដែលក្រុមប្រឆាំង, អង្គការសង្គមស៊ីវិល និងសារព័ត៌មានមួយចំនួន បានប្រឌិតព័ត៌មានវាយប្រហារលើពួកគេ នៅពេលឈប់គាំទ្របក្សប្រឆាំងតទៅទៀត។

អង្គការចំនួន៨នោះ រួមមាន៖ ក្រុមយុវជនខ្មែរមហានគេ(IYE), ក្រុមយុវជន ១០០ រាត្រី, ក្រុមអ្នកស្រឡាញ់បរិស្ថាន និងសង្គម, ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, ក្រុមអ្នកស្រាវជ្រាវវ័យក្មេង, ក្រុមសង្គមស៊ីវិលដើម្បីការអភិវឌ្ឍ, ក្រុមយុវជនសន្តិភាព និងការអភិវឌ្ឍ និងក្រុមសប្បុរសធម៌ខែ្មរកម្ពុជាក្រោមជាដើម។

លិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អង្គការសង្គមស៊ីវិលទាំងនេះបានលើកឡើងថា៖

«យើងខ្ញុំទាំងអស់គ្នាជាក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគម សូមសម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាង ខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយ ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនបានកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលមាន លក្ខណៈប្រឌិតហួសហេតុ ចំពោះស្ថានភាពនៃក្រុមយុវជនយើងខ្ញុំ។ នេះដោយសារយើងខ្ញុំមិនបានគាំទ្រក្រុមនយោបាយប្រឆាំង ឬអង្គការសង្គមស៊ីវិលកូនកាត់របស់ពួកគេ។ ទង្វើនេះបានបង្កឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបង្កើតនូវភាពអយុត្តិធម៌ ដល់យើងខ្ញុំយ៉ាងក្រៃលែង។

យើងខ្ញុំក៏សូមអំពាវនាវដល់បណ្ដាជន រួមទាំងស្ថាប័នសារព័ត៌មាន អង្គការ សមាគម ទាំងនោះ មេត្តាបញ្ចប់ការហែកហួរ បំបែកបំបាក់ខ្មែរនឹងខ្មែរ បញ្ឈប់ការលាបពណ៌ ប្រមាថមើលងាយ ដែលបង្កការឈឺចាប់ដល់អ្នកដ៏ទៃ ដោយគ្រាន់តែយើង ខ្ញុំមិនគាំទ្រគំនិត ឬអ្នកនយោបាយប្រឆាំងដែលពួកគេស្រលាញ់។ សូមមេត្តាយកពេលវេលា និងចំណេះដឹងដ៏មានតម្លៃរបស់ អ្នកមកប្រើដើម្បីជាប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ ហើយចូលរួមចំណែកកសាងសង្គមជាតិ ជាជាងបង្កើតការឈឺដល់អ្នកដ៏ទ ព្រោះនេះជាអំពើអកុសលកម្ម។ ក្នុងន័យនេះ យើងខ្ញុំសូមអំពាវនាវដល់បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេស យុវជនអង្គការសង្គមស៊ីវិលកូនកាត់ មេត្ដាផ្លាស់ប្តូរទស្សនៈរបស់លោកអ្នក ហើយទទួលយកចម្រុះគំនិតនៅក្នុងសង្គមជាតិ ដើម្បីរួមចំណែកកសាងប្រទេសជាតិដ៏កំសត់របស់យើងឱ្យកាន់តែប្រសើរឡើង ជាជាងចាំតែរិះរកវិធីសាស្ត្រគូសវាសផែនការ ធ្វើសកម្មភាព វិច្ឆេទកម្មផ្សេងៗ ដែលរាំងស្ទះដល់ការអភិវឌ្ឍជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា។ - បន្ដជាន់ដានប្រវត្តិសាស្ត្រ ដដែលៗដែលព្យាយាមបំបែកខ្មែរនឹងខ្មែរ ពិសេសសូមផ្ដាំផ្ញើទៅយុវជនសង្គមស៊ីវិលកូនកាត់ ឈប់បង្កជម្លោះ ប្តូរទស្សនៈ ចូលរួមកសាងសង្គមជាតិជាមួយគ្នា ទើបមានឈ្មោះថាយុវជនឈាមថ្មី សម័យរុងរឿង។

ក្នុងនាមយើងខ្ញុំជាយុវជនសសរទ្រូងនៃប្រទេសជាតិនៅតែប្តេជ្ញាចិត្ត បន្តយកចំណេះ ជំនាញ ដើម្បីមានឱកាសចូលរួមចំណែកកសាងមាតុភូមិ និងបន្តផ្សព្វផ្សាយពីគោលការណ៍ សមិទ្ធផលល្អៗរបស់ជាតិយើងទៅកាន់ពិភពលោក ដូចឃ្លាមួយក្នុងបទពង្សាវតាពោលថា “តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរ យើង ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា”»។

សូមបញ្ជាក់ថា ការវាយប្រហារទៅលើក្រុមអង្គការសង្គមស៊ីវិលទាំង ៨ ដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាល ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគេ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើជាតិ ហើយចេញញត្តិមួយថ្កោលទោស លោក សម រង្ស៊ី៕