(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសសាលដីកាដោយសម្រេចតម្កល់សេចក្តីសម្រេចទាំងស្រុងរបស់សាលាឧទ្ធរណ៍ លើសំណុំរឿង លោក ស៊ុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងប្តឹងដោយ គ.ជ.ប។

នេះបើតាមការបញ្ជាក់ពីលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាមេធាវីដើមបណ្តឹង ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។

ក្នុងការប្រកាសសាលដីការរបស់តុលាការកំពូល លើសំណុំរឿងប្ដឹងសារទុក្ខនេះ គេពុំឃើញវត្តមាន សុន ឆ័យ, អ្នកគាំទ្រ និងអ្នកសារព័ត៌មាន មកចូលរួម ដូចកាលពីថ្ងៃសវនាការឡើយ។ ចំពោះវត្តមានមេធាវីការពារសិទ្ធិ លោក សុន ឆ័យ ឃើញមានតែលោកជួង ជូងី ឯលោកកែត ឃី អវត្តមាន។ ក្រុមប្រឹក្សាជំនុំជម្រះ មាន លោក ជីវ កេង ជាប្រធាន។

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ស្វែងរកយុត្តិធម៌ បន្ទាប់ពីលោក សុន ឆ័យ ប្រើវោហាស័ព្ទវាយប្រហារលើ គណបក្ស ប្រជាជនកម្ពុជា និង គ.ជ.ប លើការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ កន្លងទៅ ថាមានការទិញ និងលួចបន្លំសន្លឹកឆ្នោត។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។

ដោយឡែកសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀលផងដែរ។

ដោយមិនសុខចិត្តនឹងការសម្រេចនេះ លោក សុន ឆ័យ បានប្តឹងទៅកាន់សាលាឧទ្ទរណ៍។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៏ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ «ទុកជាបានការ» ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណងជំងឺចិត្តកាន់តែច្រើនជាងមុន។

មិនសុខចិត្តនឹងការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ ទើបលោក សុន ឆ័យ ប្តឹងបន្តទៅកាន់តុលាការកំពូល ហើយត្រូវបានប្រកាសសាលដីកានៅព្រឹកថ្ងៃនេះ៕