(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះកីឡាបាល់ទះកម្ពុជា និងបានផ្តល់នូវឱវាទដ៏ល្អៗ ប្រកបដោយលក្ចណៈបច្ចេកទេស ចិត្តសាស្ត្រ និងយុទ្ធសាស្ត្រ ធ្វើឲ្យកីឡាករបាល់ទះកម្ពុជា ឈ្នះ U19 បារាំង ក្នុងលទ្ធផល ៣-១សិតមុននេះបន្ដិច នៅវិមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក)។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាគ្រូបង្វឹក និង ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះកីឡាបាល់ទះកម្ពុជា ដោយក្នុងនោះ បន្ទាប់ពីការប្រកួតមិត្តភាពលើកទី១ រវាង ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះជម្រើសជាតិក្រោមអាយុ១៩ឆ្នាំបារាំង សម្តេចបានផ្តល់នូវឱវាទដ៏ល្អៗ ប្រកបដោយលក្ចណៈបច្ចេកទេស ចិត្តសាស្ត្រ និង យុទ្ធសាស្ត្រ ដើម្បីយកឈ្នះគូរប្រកួត ព្រមជាមួយការលើកទឹកចិត្តដល់ក្រុមកីឡាករផងដែរ»។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងទៀតថា ជាក់ស្តែងឱវាទដ៏ល្អ និងការជំរុញទឹកចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្តេច បានក្លាយជាកម្លាំងចលករដ៏សំខាន់ ធ្វើឲក្រុមកីឡាកររបស់យើង ឈានដល់ការទទួលបានជ័យជំនះ ក្នុងការប្រកួតមិត្តភាពលើកទី២ ទៅលើក្រុមបារាំងក្រោមលទ្ធផល ៣សិត ទល់នឹង ១។

ឆ្លៀតក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាគ្រូបង្វឹក និង ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាទាំងអស់ សូមគោរពថ្លែងអំណរគុណ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ពុកម៉ែបងប្អូន ទស្សនិកជនទាំងអស់ ដែលបានចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក៏ដូចជា ទស្សនាតាមកញ្ចក់ទូរទស្សន៍ និង ប្រព័ន្ធបណ្តាញសង្គម ដែលការគាំទ្រយ៉ាងពេញទំហឹងនេះ បានជំរុញទឹកចិត្តដល់ក្រុមកីឡាករយើង ធ្វើបានយ៉ាងល្អ ប្រកបដោយជំនឿចិត្តខ្ពស់ ឈានទៅដល់ការយកឈ្នះលើក្រុមយុវជនបារាំងបាន។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ក្រុមគ្រូបង្វឹក និង កីឡាកររបស់យើង សូមធ្វើការប្តេជ្ញាចិត្ត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជនរួមជាតិ អ្នកគាំទ្រទាំងអស់ថា នឹងខិតខំបន្តហ្វឹកហាត់ ដកពិសោធបច្ចេកទេសបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅដណ្តើមបានជោគជ័យ នាការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។

សូមជម្រាបថា ការប្រកួតកីឡាបាល់ទះមិត្តភាពអន្ដរជាតិ លើកទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ U19 បារាំង បានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះវិញ ក្នុងលទ្ធផល ៣-១សិត នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។

ជំនួបដ៏ទាក់ទាញនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះ ២សិតផ្ទួនៗ ជាមួយពិន្ទុ ២៥-២០ និង ២៥-២១ មុនក្រុមភ្ញៀវ U19 បារាំង វាយបកឈ្នះវិញ ២១-២៥ពិន្ទុ ។ ប៉ុន្ដែចូលសិតទី៤ បានក្លាយជាសិតកាត់សេចក្ដី បន្ទាប់ពីកម្ពុជាបានយកឈ្នះ ក្នុងពិន្ទុ ២៥-១៩ ដើម្បីធានាជ័យជម្នះរបស់ខ្លួន ៣-១សិតតែម្ដង ។

ជាមួយការសងសឹក ក៏ដូចជាការតដៃបានវិញនេះដែរ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំង ចំពោះក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលអាចយកឈ្នះក្រុមខ្លាំងបារាំង ដ្បិតជំនួបមិត្តភាពអន្ដរជាតិ លើកទី១ កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ គឺកម្ពុជា បានចាញ់ក្រុម U19 បារាំង ក្នុងលទ្ធផល ៣-០សិត ។

ការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចូលរួមពីលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ អ្វីដែលពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានចាប់អារម្មណ៍ជំនួបមិត្តភាពអន្ដរជាតិនេះ និងបានកោតសរសើរពីសមត្ថភាព របស់កីឡាករកម្ពុជាទៀតផង៕