(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ដើម្បីធានាថាផ្លូវនេះ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ ១០នេះ មានប្រវែង ១៩៧.៣៦គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង បានសម្រេចការសាងសង់ជាង ៥៦%ហើយ ក្នុងនោះក្រសួងក៏ចុះធ្វើតេស្តគុណភាពកម្រាសនៅស្រទាប់ទី២ នៅតាមកន្លែងមួយចំនួនហើយឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាថាផ្លូវនេះមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រោយការសាងសង់ផ្លូវជាតិលេខ១០ ដែលបានតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុងនេះរួចរាល់ នឹងជួយសម្រួលបានច្រើនក្នុងជួយដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានៅភ្នំពេញទៀតនោះទេ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមផ្លូវជាតិលេខ១០នេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀងវាងគ្រោះថ្នាក់ក្នុងប្រការណាមួយ ដោយសារតែផ្លូវនេះគឺធ្វើមិនទាន់រួចរាល់នោះទេ និងមានថ្មខ្ទាត មានគ្រឿងចក្រនៅលើដងផ្លូវ ដូចនេះត្រូវបង្កើនការប្រុងប្រយ័ត្ន មិនត្រូវបើកបរក្នុងល្បឿនលឿននៅកន្លែងមានការដ្ឋាននោះឡើយ។ ក្រៅពីនេះលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរនៅលើផ្លូវដែលបានសាងសង់រួច និងបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំបើកបរបញ្ជាស់ទិសនៅលើដងផ្លូវ ក្រោយលោកសង្គេតឃើញថា មានប្រជាពលរដ្ឋជាច្រើនតែងតែបានបើកបរបញ្ជាស់ទិស ដែលអាចបង្ករជាគ្រោះថ្នាក់បាន។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨.៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១ ៧២១.៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕