(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុ។

តាមរយៈសារលិខិត សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «ខ្ញុំ និងភរិយា សូមសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្ដីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតរបស់ ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សូមជូនពរជ័យ បវរសួស្តី វិបុលសុខជូន ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយ៉ឺនយូរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ជាថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញ ការពារ ការគោរពរដ្ឋធម្មនុញ្ញ សម្រេចបាននូវស្នាដៃជាច្រើនជាប្រវត្តិសាស្ត្រ ដើម្បីបម្រើជាតិ និងប្រជាជន រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

ខ្ញុំ និងភរិយាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ បវរសួស្តីសិរីជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕