(ព្រះសីហនុ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល​ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារសុខា ខេត្ដព្រះសីហនុ។

លោកស្រីរដ្ឋលេខាធិការប្រចាំការបានថ្លែងថា «កម្ពុជាទទួលបានជោគជ័យ ក្នុងការសម្រេចផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ សឹងតែឈាងមុខគេដែលយើងឆ្លងផុតមុនគោលដៅអាស៊ាន​ជិត៥ឆ្នាំ នេះជាមោទនភាពដ៏ធំធេងដែលយើងទទួលបាន»។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្តថា លទ្ធផលដែលទទួលបានជោគជ័យនេះ ដោយសារមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន មន្ដ្រីឧទ្យានុរក្ស កងកម្លាំង អង្គការដៃគូឧបត្ថម្ភគាំទ្រ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។

លោកស្រីវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់យើងទទួលបានជោគជ័យធំធេងណាស់ ប៉ុន្ដែយើងត្រូវរួមគ្នាបន្តទៀត ធ្វើយ៉ាងណាកុំឱ្យមានករណីលាប់ឡើងវិញ ត្រូវថែរក្សាសមិទ្ធផលយើងឱ្យបានល្អដដែល។

ដូច្នេះលោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងបន្ថែមទៀតពីការការពារខ្លួនពេលចូលព្រៃ។

ទន្ទឹមនឹងនោះលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងលើកទឹកចិត្ត និងបន្តជួយជ្រោមជ្រែងដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តក្នុងការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងក្នុងឆ្នាំ២០២៥។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) បានថ្លែងប្តេជ្ញាចិត្ត នឹងប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី លើការងារប្រតិបត្តិការតាមការតំរង់ទិសនូវប្រសាសន៍របស់លោកសាស្រ្តចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបើកអង្គសន្និបាតនេះ ពិសេសរង់ចាំទទួលនូវអនុសាសន៍ និងការចង្អុលបង្ហាញផ្លូវណែនាំបន្ថែមទៀតពីលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ដើម្បីជាដើមទុនដ៏មានប្រសិទ្ធភាពផ្លូវការ ក្នុងការយកទៅអនុវត្តប្រកបទៅដោយកិត្យានុភាព និរន្តរភាព និងជោគជ័យឆាប់រហ័ស។

ពិសេសប្រទេសកម្ពុជានឹងត្រូវលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើម និងអនុម័តផ្ទាល់ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាមគ្គុទេសក៏ជាតិដ៏ឆ្នើមឧត្តុង្គឧត្តមក្នុងមាគ៌ាជាតិ ការធានាបានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេស ជាពិសេសតែងតែគិតគូរជាប្រចាំជំរុញលើកកម្ពស់សុខភាពសារធារណៈជាអាទិភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គមជាតិ ស្មើមុខ ស្មើមាត់សកលលោក។

លោកប្រធានម.គ.ច បានបន្ថែមថា ម.គ.ច មានមុខងារចម្បងដឹកនាំបេសកកម្មប្រយុទ្ធ និងលុបបំបាត់នូវរាល់ជំងឺបង្កឡើងដោយភ្នាក់ងារចម្លងបាណកសត្វ និងប៉ារ៉ាស៊ីត តាមរយៈកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់គ្រុនឈាម និងដង្កូវព្រូន ដោយមានកិច្ចសហការដៃគូអភិវឌ្ឍន៍ ដៃគូអនុវត្តជាតិ និងអន្តរជាតិចូលរួម។ សមិទ្ធផលសម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០១៥ បញ្ឈប់ភាពស៊ាំថ្នាំអាតេម៉ីស៊ីនីនជាមួយមេរោគគ្រុនចាញ់។ សម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០២០ ដោយគ្មានមនុស្សស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨៕