(ភ្នំពេញ)៖ កុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី H5N1។ ជំងឺផ្តាសាយបក្សី​ H5N1 មួយករណីនេះ កើតលេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ឱ្យដឹងថា កុមារីខាងលើ បាន​ចាប់ផ្តេីមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ និងឈឺក​។ ក្រោយព្យាបាលមិនធូរស្រាលរយៈ៣ថ្ងៃមិនធូរស្រាល​ ដោយកុុមារីចាប់ផ្តេីមហត់ ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​។

លោកស្រី យក់ សម្បត្តិ បន្តថា នៅថ្ងៃទី២១​ ខែកុម្ភៈ ​ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយក​វត្ថុផ្ញេី​មក​វិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ថ្ងៃទី​២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់ថាមានវិជ្ជមាន​មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិត ហេីយ​ ធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី​។

លោកស្រី យក់ សម្បត្តិ បានយោងតាមប្រភពពីអ្នកភូមិមកបញ្ជាក់ថា មុនកើតករណីឆ្លងនេះ នៅក្នុងបឹងអភិរក្សក្បែរភូមិមានសត្វព្រៃងាប់ច្រេីនខុសប្រក្រតី​។ ក្រោយមានហេតុការណ៍នោះ ពេទ្យសត្វបានយកវត្ថុវិភាគនៅថ្ងៃទី​១៧​ខែកុម្ភៈ​ ឆ្នាំ២០២៣​ ហើយកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ពេទ្យសត្វ។

បើតាមលោកស្រី យក់ សម្បត្តិ បន្ទាប់ពីរកឃើញករណីកើតមានជំងឺផ្តាសាយបក្សីនេះ ក្រុមឆ្លេីយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមបសុពេទ្យ ធ្វើការអង្កេតស្រាវជ្រាវរកប្រភពចម្លង​ ទាំងលេីសត្វ និងមនុស្ស,​ រកករណីសង្ស័យ​ និងអ្នកប៉ះពាល់ ព្រមទាំងចាត់វិធានការទប់ស្កាត់​ការឆ្លងបន្តទៅអ្នកដទៃទៀត​ ទាំងក្នុងសហគមន៌​ និងក្នុងពិធីបុណ្យ។ បន្ថែមពីលើនោះ ក្រុមការងារឆ្លើយតបបន្ទាន់ បានចាត់វិធានការចុះអប់រំប្រជាពលរដ្ឋផងដែរ។

លោកស្រី យក់ សម្បត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិរកឃើញជំងឺផ្តាសាយបក្សីនេះ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ជាពិសេសកុំបរិភោគសត្វដែលងាប់៕