(ភ្នំពេញ)៖ លោកស្រី ឈីវ ភិរម្យ នាយិកានៃក្រុមហ៊ុនមេធាវី អេស វី ភី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមមេធាវិនៃក្រុមហ៊ុនមេធាវី អេស វី ភី ធ្វើបទឧទ្ទេសនាមជូននិសិ្សតឆ្នាំទី១ ស្តីអំពី «ការចែករំលែកបទពិសោធន៍ជីវិតជានិសិ្សតច្បាប់» និងណែនាំអំពី «កម្មវិធី និសិ្សតច្បាប់ឆ្នើមឯកឧត្តម លី ច័ន្ទតុលា»។

ការរៀបចំបទឧទ្ទេសនេះ បានប្រព្រឹត្តទៅក្នុងសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានការចូលរួមពីនិសិ្សតច្បាប់ឆ្នាំទី១យ៉ាងច្រើនកុះករជិត៤០០នាក់។

ក្នុងនោះលោកស្រី ឈីវ ភិរម្យ បានដឹកនាំក្រុមមេធាវីជាច្រើនរូបរួមមាន៖ លោកមេធាវី ហេង ចាន់វាសនា លោកមេធាវី ចេង ខេមរា លោកមេធាវី យូ លឹមហួត លោកមេធាវី សេង ឡេងហ៊ង់ លោកស្រីមេធាវី ម៉ី ឧសភា លោកស្រីមេធាវី នៅ សុជាតា កញ្ញា មេធាវី យឹម សុជាតា និងលោក ដូលីន ផានីរាជ ដើម្បីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទមួយចំនួន ដោយមានអត្ថន័យរួមតែមួយគត់គឺ ការចែករំលែកបទពិសោធន៍ជិវិតជានិស្សិត។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ លោកស្រី ឈីវ ភិរម្យ បានណែនាំអំពី «កម្មវិធី និសិ្សតច្បាប់ឆ្នើមឯកឧត្តមលីច័ន្ទតុលា» ក្នុងគោលបំណងជ្រើសរើសនិស្សិតច្បាប់ឆ្នាំទី១ចូលរៀនកម្មវិធីនេះ ដើម្បីផ្តល់ការបង្រៀនបន្ថែមជាការបង្ហាត់ក្នុងថ្នាក់​ និងជាការបង្ហាត់តាមរយៈការងារផ្ទាល់ជូននិស្សិតច្បាប់ដែលជាប់ក្នុងការជ្រើសរើសឱ្យចូលរៀន។

កម្មវិធីនេះមានរយៈពេល ៤ឆ្នាំគត់ និងមានគោលបំណងកាន់ដៃនិស្សិតច្បាប់ក្នុងការសិក្សារបស់គាត់នៅសកលវិទ្យាល័យ និងធ្វើឱ្យគាត់កាន់តែមានសមត្ថភាព សម្រាប់ការប្រកបអាជីពដោយភាពពិតប្រាកដ និងប្រសិទ្ធិភាពនាថ្ងៃអនាគត។ អ្វីដែលពិសេសនោះ កម្មវិធីនេះមិនគិតកម្រៃពីនិស្សិតនោះទេ ។

គួរបញ្ជាក់ផងដែរថា «កម្មវិធី និសិ្សតច្បាប់ឆ្នើមឯកឧត្តម លី ច័ន្ទតុលា» បានជ្រើសរើសសិស្សជំនាន់ទី១ រួចមកហើយកាលពីឆ្នាំ២០២២ ដែលមានចំនួន ៣៩នាក់ ។

សូមរលឹកបន្តិចដែរថា លោកស្រី ឈីវ ភិរម្យ នឹងធ្វើបទឧ្ទេសនាមជាលើកទី២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២រៀល ដល់ម៉ោង៤និង៣០នាទីរសៀល ក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕