(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានណែនាំឱ្យថ្នាក់ដឹកនាំនៅមូលដ្ឋាន បង្កើនអំពើល្អ បង្កើនការយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្តល់នូវក្តីស្រលាញ់ដល់ប្រជាពលរដ្ឋ នោះសម្លេងគាំទ្រនឹងរឹតតែកើនឡើងយ៉ាងប្រាកដ។

ការណែនាំរបស់លោកស្រីបណ្ឌិត កុយ ពិសី នេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រីបានអញ្ជើញផ្សព្វផ្សាយសេក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៣០០នាក់ ឃុំព្រៃអំពក។

នាឱកាសនេះ លោកស្រីបណ្ឌិត កុយ ពិសី បានលើកឡើងអំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប៉ុល ពត និងការបង្រួបបង្រួមជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកស្រីបណ្ឌិត បានបញ្ជាក់ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជន ដើម្បីប្រជាជន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានជីវភាពល្អប្រសើរ នេះគឺជាគោលដៅធំរបស់យើង។

បន្ថែមពីនេះ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅឃុំព្រៃអំពកទាំងអស់ ដែលបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រដល់ការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្ដិភាព ដែលកម្ពុជាបានរកមកដោយលំបាកកុំឱ្យមានការបាត់បង់ឲ្យសោះ។

លោកស្រីបណ្ឌិត បានបន្តទៀត ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែសកម្មឡើង ដើម្បីទទួលបានការគាំទ្រ និងយកជ័យជម្នះជូនគណបក្សប្រជាជនឱ្យកាន់តែច្រើន៕