(ភ្នំពេញ)៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោសដ៏ធ្ងន់ធ្ងរបំផុតចំពោះ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ ដែលថ្មីៗនេះបានបន្តធ្វើការវាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណា ជាអម្ចាស់ ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរទាំងមូល។

ជាថ្មីម្តងទៀត​ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទាមទារដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មានអយ្យការអមតុលាការគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងប្តឹងទៅតុលាការ ដើម្បីចាប់ជនក្បត់ជាតិ សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត៕