(កណ្តាល)៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ពីលោក កែវ​ រ៉េមី រដ្ឋ​មន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៅពិនិត្យសុខភាពមាត់ធ្មេញ និងពិនិត្យសុខភាពទូទៅដល់កុមារទាំងអស់ដែលកំពុងស្នាក់នៅ​ និងសិក្សារៀនសូត្រនៅអង្គការ «ការអភិវឌ្ឍកុមារកម្ពុជា» មានទីតាំងស្ថិតនៅ​ភូមិព្រែកត្រែង សង្កាត់​សិត្បូ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តដឹកនាំដោយលោក ផៃ​ ហេង​ សមាជិកគ.ស.ម.ក. ដែលចុះពិនិត្យសុខភាពនៅថ្ងៃនេះមានចំនួន ៨រូប ដែលជាគ្រូពេទ្យជំនាញផ្នែកជំងឺទូទៅ និងផ្នែកពិនិត្យព្យាបាលមាត់ធ្មេញ។ ក្រុម​គ្រូពេទ្យ​បានធ្វើការពិនិត្យព្យាបាលជំងឺទូទៅ និងពិនិត្យព្យាបាលមាត់ធ្មេញដល់កុមារនៅ​ក្នុងអង្គការ​ ចំនួន​ ៤១នាក់ និងប្រជាពលរដ្ឋមួយចំនួន៥៩នាក់ផងដែរ។

គួររំលឹកផងដែរថា នេះជាលើកទី១៣ហើយ ដែល​លោក កែវ​ រ៉េមី​ ​បានអញ្ជើញចុះមកសួរសុខទុក្ខកុមារកំព្រាដែលស្នាក់នៅក្នុងមណ្ឌលនេះ។

ក្នុងឱកាសនោះឯកឧត្តម​ក៍បាននាំយកថវិកាចំនួន ១,០០០,០០០រៀល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បាននាំយកនូវសម្ភារៈសិក្សា និងចំណីអាហារទៅចែកជូនដល់កុមារក្នុងអង្គការដូចជា៖ អង្ករ ២ប៉ាវ, មី៥កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៉ីវ ៥យួរ, ភេសជ្ជៈកូកាកូឡា ២កេស, នំប៉័ងបាក់យ៉ុង ៦០ដើម, សៀវភៅ ១០០ក្បាល និងប៊ិច ១០០ដើម៕