(បាត់ដំបង)៖ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំ ណែនាំដល់ រដ្ឋបាលក្រុង ស្រុក មន្ទីរនានាជុំវិញខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ស្តីពីការ ត្រៀមរៀបចំការងារផ្នែកទទួលខុសត្រូវការងារពិធីការ និង ព័ត៌មានអំពីសមិទ្ធផល០៥ឆ្នាំ របស់មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ធ បានធ្វើការណែនាំបន្ថែម ឲ្យស្ថាប័នទាំងអស់ធ្វើដោយមានការឯកភាព មានទំហំដូចគ្នា ដែលមានបិទរូបថតបង្ហាញពីសមិទ្ធផលរៀងៗខ្លួន ទៅតាមមន្ទីរជំនាញនិងរដ្ឋបាលក្រុង ស្រុក និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត និង សម្រាប់ដាក់បង្ហាញជូនគណ:អធិបតី និង ភ្ញៀវកិត្តិយស ទស្សនា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក សឿម ប៊ុនរិទ្ធ បានបន្តថា ដោយពេលវេលានៅសល់ខ្លី ទើបចាប់ផ្តើមនាំគ្នាធ្វើការងារនេះឲ្យបានឆាប់ ព្រោះសន្និបាតនេះ ត្រូវបានធ្វើពិធីនៅថ្ងៃទី១៤ និង ១៥ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ និងរៀបចំដាក់តាំងនៅមហោស្រពស្ទឹងសង្កែ ឲ្យបានត្រឹមត្រូវ ស្តង់ដារតែមួយ ស្អាតល្អ និងបានសមរម្យ៕