(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង»។

ពិធីចុះហត្ថលេខានឹងធ្វើឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស បានបញ្ជាក់ថា លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។

ក្រសួងការបរទេសបានចាត់ទុកថា កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៉ីជម្រៅ បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត៕