(ភ្នំពេញ)៖ ឥណ្ឌាបានផ្ដល់អំណោយមជ្ឈមណ្ឌលព័ត៌មានវិទ្យា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស) នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីពង្រឹងបន្ថែមលើវិស័យអប់រំពីបច្ចេកវិទ្យាថ្មីៗ ដល់សិស្សនិស្សិត និងសមណនិស្សិត។

មជ្ឈមណ្ឌលព័ត៌មានវិទ្យា ព.ស.ស អំណោយរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា, ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀក ព្រះសាកលវិទ្យាការរងទទួលបន្ទុក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀក មានថេរៈដីកាថា មជ្ឈមណ្ឌលព័ត៌មានវិទ្យាជាអំណោយរបស់ឥណ្ឌាជូនកម្ពុជានេះ ពិតជាផ្ដល់សារៈសំខាន់ណាស់ ដល់និស្សិតជាព្រះសង្ឃគ្រហស្គ និងបុគ្គលិកទាំងអស់ ទទួលបានចំណេះដឹងបន្ថែមលើបច្ចេកវិទ្យា ក៏ព្រោះថា និស្សិតគ្រប់រូបមិនមែនគ្រាន់តែរៀនតែមុខវិជ្ជារបស់ខ្លួនទេ តែត្រូវការ និងត្រូវចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រ ព្រោះសំខាន់ណាស់ ក្នុងការប្រើប្រាស់លើការសិក្សាស្រាវជ្រាវ និងការបម្រើការងារក្នុងក្រសួងស្ថាប័ននានា។

ព្រះអង្គបានថ្លែងអំណរគុណឯកអគ្គរដ្ឋទូតឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការល្អ និងការជួយឧបត្ថម្ភនៅពុទ្ធិកសាកលវិទ្យាល័យ ពិសេសរាជរដ្ឋាភិបាលឥណ្ឌាបានផ្ដល់មូលនិធិ ដើម្បីបង្កើតនូវមជ្ឈមណ្ឌលព័ត៌មាននេះ។

លោកស្រីបណ្ឌិត Devyani Khobragade ថ្ងៃនេះជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានវិទ្យា ព.ស.ស ក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ យើងពិតជាសប្បាយរីករាយជាខ្លាំង សម្រាប់ការបើកសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ។ ជាការពិតណាស់កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីដើម រហូតដល់បច្ចុប្បន្ន តាមរយៈព្រះពុទ្ធសាសនា និងមានកត្តាជាច្រើនទៀត ដែលពង្រឹងទំនាក់ទំនងនេះ ឲ្យកាន់តែស្និតស្នាលបន្ថែមទៀត។

លោកស្រីបណ្ឌិតបានបន្ដថា ស្ថានទូតឥណ្ឌាពិតជាចង់ឃើញការរីកចម្រើនបន្ថែមទៀត ដល់សិស្សានុសិស្ស តាមរយៈការផ្ដល់ជំនួយអាហារូបករណ៍របស់ឥណ្ឌាដល់កម្ពុជា។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានវិទ្យានេះ នឹងបន្ដមានអ្នកនៅក្នុងវិស័យសាសនាចេះដឹងចំណេះជំនាញជាច្រើនផងដែរ៕