(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

បានជំរុញដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តរបបសន្ដិសុខសង្គម ដើម្បីរួមចំណែករក្សាស្ថិរភាពប្រាក់ចំណូល គាំពារសុខុមាលភាព និងជីវភាពរស់នៅរបស់កម្មករនិយោជិត។

ការជំរុញបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី១៧ អាណត្តិទី១ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ របៀបវារៈសំខាន់ៗក្នុងកិច្ចប្រជុំនេះ រួមមាន ការពិនិត្យ និងសម្រេចលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ដឆ្នាំ២០២៣ របស់បេឡាជាតិសន្ដិសុខសង្គម, សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់បេឡជាតិសន្ដិសុខសង្គម, ព្រមទាំងបញ្ហាផ្សេងៗ។

លោករដ្ឋមន្ត្រីបានជំរុញដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវលើកបញ្ហាប្រឈមនានា និងកិច្ចការងារពាក់ព័ន្ធមួយចំនួនមកពិនិត្យ និងពិភាក្សាឱ្យបានផុសផុល ព្រមទាំងដាក់ចេញជាមួយនូវដំណោះស្រាយសមស្របនានា សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តការងារបន្ត សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តរបបសន្ដិសុខសង្គម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពប្រាក់ចំណូល គាំពារសុខុមាលភាព និងជីវភាពរស់នៅរបស់កម្មករនិយោជិត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់បានកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់បេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំអនុវត្តការងាររយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០២២នេះ សម្រេចបាននូវសមិទ្ធផលជាច្រើនប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារ​ ដោយជោគជ័យស្របតាមផែនការគួរជាទីមោទនៈ។

តាមរយៈលទ្ធផលនៃកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ដឆ្នាំ២០២៣ របស់ ប.ស.ស. ដើម្បីរៀបចំប្រជុំបូកសរុបនាពេលខាងមុខ និងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់បេឡជាតិសន្ដិសុខសង្គម ត្រូវបានក្រុមប្រឹក្សាភិបាលពិភាក្សា និងកែសម្រួលនូវចំណុចសំខាន់ជាច្រើនរួចរាល់ ក៏ទទួលបានការសម្រេចឯកភាពអនុម័តទាំងស្រុងផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ពីសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន១១រូប៕