(ភ្នំពេញ)៖ លោក ឡាយ សាមាន អតីតបុគ្គលិកវិទ្យុ VOD បានចេញមកលាតត្រដាងថា នៅវិទ្យុ VOD ត្រូវបានគេដាក់ចេញគោលការណ៍ឱ្យផ្សាយតែរឿងអាក្រក់ និងវាយប្រហារលើរាជរដ្ឋាភិបាល ហើយមិនអនុញ្ញាតឱ្យផ្សាយពីរឿងល្អរបស់រាជរដ្ឋាភិបាលនោះឡើយ។

លោក ឡាយ សាមាន ជាអ្នកសារព័ត៌មាន ដែលបានបម្រើការងារនៅវិទ្យុ VOD អស់ជាច្រើនឆ្នាំ ហើយលោកក៏ធ្លាប់បានរងរបួសក្នុងហេតុការណ៍ផ្ទុះហិង្សារវាងសន្តិសុខខណ្ឌដូនពេញ និងក្រុម​បាតុកររបស់អតីតគណបក្សសង្គ្រោះជាតិ នៅស្ពាននាគ កាលពីឆ្នាំ២០១៤ផងដែរ។ លោក ឡាយ សាមាន បានលាឈប់ពីកាងារនៅវិទ្យុ VOD បន្ទាប់ពីស្ថាប័ននេះ មិនជួយព្យាបាលខ្លួន ដែលរងរបួសក្នុងហេតុការណ៍ហិង្សានោះ។

ជាអ្នកដែលធ្លាប់បានបម្រើការងារច្រើនឆ្នាំនៅវិទ្យុ VOD លោក ឡាយ សាមាន បានឱ្យដឹងថា គោលការណ៍ផ្សាយនៅវិទ្យុនេះ គឺគេកំណត់ឱ្យផ្សាយតែរឿងអវិជ្ជមាន និងរឿងអាក្រក់របស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។ បើទោះបីជារឿងនោះតូចក្តី ក៏ត្រូវរំលេចឱ្យឃើញធំដែរ។

ដោយឡែករឿងវិជ្ជមានរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការអភិវឌ្ឍ និងការរីកចម្រើនផ្សេងៗ ត្រូវបានវិទ្យុនេះបិទ មិនឱ្យអ្នកសារព័ត៌មានសរសេរនោះឡើយ។ នេះគឺជាការបញ្ជាក់របស់លោក ឡាយ សាមាន។

លោក សាមាន បានឱ្យដឹងទៀតថា នៅវិទ្យុ VOD នេះ គឺគេបើកសំឡេងឱ្យក្រុមប្រឆាំងជាធំ សម្រាប់សំឡេងមន្ត្រីរាជរដ្ឋាភិបាល គឺគេឱ្យបន្តិចបន្តួចប៉ុណ្ណោះ។

ក្នុងបទសម្ភាសន៍នេះ លោក ឡាយ សាមាន ក៏បានលើកបង្ហាញពីហេតុការណ៍ហិង្សានៅស្ពាននាគ កាលពីឆ្នាំ២០១៤ផងដែរ។ បើតាមលោក ឡាយ សាមាន ហិង្សានោះកើតឡើង ដោយសារតែព្រះសង្ឃ លួន សុវាត ព្យាយាមដុតកំហឹងសន្តិសុខ៕