(សៀមរាប)៖ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចាត់ឱ្យលោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌​ ចែកជូនដល់លោកស្រី ក្ដោប ចំប៉ី អាយុ៣៣ឆ្នាំ នៅភូមិគោកចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោល ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងបានសំដែងនូវការសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសាររងគ្រោះ ដែលនេះជាការរងគ្រោះនឹកស្មានមិនដល់ និងគ្មានអ្នកណាចង់ជួបប្រទះឡើយ ហើយសូមលើកទឹកចិត្តដល់សមាជិកគ្រួសារទាំងអស់ សូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងតទៅមុខទៀត ដើម្បីជីវភាពក្រុមគ្រួសារ។

លោក គុជ លីណា បានបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក អង្ករ៣០គីឡូក្រាម និងថវិកា៤លានរៀល។ ក្នុងនោះដែរ ថវិកាផ្ទាល់របស់លោកប្រធានចំនួន ៣លានរៀន និងថវិកាសាខាចំនួន ១លានរៀល)។ ជាមួយនេះដែរ សប្បុរសជនដែលបានចូលរួមក៏បានឧត្ថម្ភនៅថវិកាមួយចំនួនទៀតផងដែរ៕