(ភ្នំពេញ)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង» លោកស្រី មិថុនា ភូថង បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ។

អភិបាលខេត្តកោះកុង បានថ្លែងយ៉ាងដូច្នេះថា «ព្រលានយន្ដហោះនៅតារាសាគរ គឺសាងសង់រួចរាល់១០០ភាគរយហើយ។ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងកំណត់ការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ដោយមិនពន្យាពេលទៀតនោះឡើយ»។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង កាលពីដើមឡើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ប៉ុន្ដែត្រូវបានពន្យាពេលម្ដងជាពីរដង ដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនសាងសង់ជួបបញ្ហាមួយចំនួន។

​អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។

អភិបាលខេត្តកោះកុង ធ្លាប់បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរនេះ គឺបម្រើឲ្យតែវិស័យទេសចរណ៍ និងជំនួញប៉ុណ្ណោះ៕