(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យអភិបាលរងខេត្តម្នាក់ ចុះពិនិត្យជាបន្ទាន់ ក្រោយមានព័ត៌មានថាអភិបាលស្រុករតនមណ្ឌល លោក គុយ វណ្ណូ មិនបានដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ថែមទាំងស្តីបន្ទោស និងបណ្តេញពួកគាត់ចេញពីបន្ទប់ធ្វើការទៀតផង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់យ៉ាងដូច្នេះថា «ចាំខ្ញុំចាត់អភិបាលរងខេត្តចុះពិនិត្យបន្ទាន់ករណីនេះ។ ខ្ញុំជាប់មកសន្និបាតក្រសួងមហាផ្ទៃ។ កុំអីចុះខ្ញុំទៅជួបប្រជាពលរដ្ឋខ្លួនឯង»

សូមបញ្ជាក់ថា ប្រជាកសិកររស់នៅភូមិអូល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានទទួលរងការស្ដីបន្ទោសខ្លាំងៗ រហូតដល់បណ្ដេញ២នាក់ប្ដី-ប្រពន្ធ ចេញពីបន្ទប់ទៀតផងពីសំណាក់អភិបាលស្រុករតនមណ្ឌល លោក គុយ វណ្ណូ នៅពេលដែលពួកគាត់ បានធ្វើដំណើរទៅសូមស្វែងរកដំណោះស្រាយ និងដាក់ពាក្យបណ្ដឹង ក្រោយរងការរំលោភព្រំដីពីសំណាក់ម្ចាស់ដីជាប់ព្រំ នៅភូមិរបស់គាត់។

លោក ឡុង ណុប អាយុ៧០ឆ្នាំ និងប្រពន្ធ ឆេង ឡាង អាយុ៥៩ឆ្នាំ បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ដីរបស់គាត់ត្រូវបាន ស្ដ្រីម្នាក់ឈ្មោះ វ៉ែន ដែលជាម្ចាស់ដីជាប់ព្រំ ធ្វើរបងថ្មរំលោភចូល ពេលនោះគាត់ស្វែងរកដំណោះស្រាយពីមេភូមិ និងមេឃុំ ប៉ុន្ដែមិនមានអាជ្ញាធរជួយដោះស្រាយជូនពួកគាត់ឡើយ។

ដោយសារគ្មានដំណោះស្រាយបែបនេះ ប្រជាកសិករទាំង២នាក់ ប្ដី-ប្រពន្ធ បានធ្វើដំណើរកាន់ប្លង់រឹងរបស់ខ្លួន ទៅកាន់សាលាស្រុករតនមណ្ឌល ពេលនោះបានជួយមន្ដ្រីសាលាស្រុក ដោយរៀបរាប់ពីដំណើររឿង ប៉ុន្ដែមន្ដ្រីសាលាស្រុករូបនោះ បានរុញគាត់ឲ្យទៅប្ដឹងនៅសាលាខេត្ត។

ក្រោយពីអ្នកយកព័ត៌មាន Fresh News បានប្រាប់មន្ដ្រីនោះថា លោកអភិបាលស្រុក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រា​ប់ឲ្យពួកគាត់ទាំង២នាក់ មកជួបគាត់នៅសាលាស្រុក ដើម្បីដាក់ពាក្យបណ្ដឹង ទើបមន្ដ្រីរូបនោះ ក៏បានឲ្យពួកគាត់រង់ចាំ លោកអភិបាលស្រុក។

បុរសជាប្ដី ជាមួយសម្លៀកបំពាក់ចាស់ៗ និងរាងស្គាំងស្គម បានរៀបរាប់ទៀតថា ពេលគាត់ និងប្រពន្ធ ឃើញអភិបាលស្រុកមកដល់ ក៏សូមជួបលោកអភិបាល ប៉ុន្ដែពេលជួបនោះ លោកអភិបាលបានផ្ដើមសួរថា តើអ្នកដែលមានជម្លោះព្រំដីនោះ ឈ្មោះអ្វី គាត់ថា ឈ្មោះ វ៉ែន។ លោកអភិបាលស្រុក សួរបន្ដថា តើមានលេខទូរស័ព្ទគេទេ? បុរសជាប្ដីប្រាប់ថា អត់មានទេ។ ស្រាប់តែធ្វើឲ្យលោកអភិបាលស្រុក ឡើងសម្ដីខ្លាំងៗ ហើយប្រើពាក្យមិនសម្ដី ជាម៉ែឪរបស់ពលរដ្ឋនៅមូលដ្ឋាន ថែមទាំងបណ្ដេញពួកគាត់ចេញពីបន្ទប់ និងចាត់ទុកថា មករំខានការងារគាត់ទៀតផង។

ពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះព្រំដីនេះ លោក កែវ សុខា មេភូមិឃូ រឿងទាំងនេះ គាត់បានដឹងអស់ហើយ ប៉ុន្ដែគ្មានសិទ្ធិដោះស្រាយ ត្រឹមតែម្ចាស់ដីទាំងពីរនាក់ ធ្វើការសម្របសម្រួលគ្នា។ លោកមេភូមិ ក៏មិនបានស្គាល់ភាគី ដែលរំលោភព្រំដីទៀតផង ស្គាល់តែស្ដ្រីឈ្មោះ វ៉ែន ដូចម្ចាស់ដីរងគ្រោះដែរ។ ដោយឡែកមេឃុំផ្លូវមាស លោក ស៊ាង សារឿន បានបញ្ជាក់ថា លោកគ្មានសិទ្ធិដោះស្រាយនោះឡើយ ដោយសារតែភាគីទាំងពីរ សុទ្ធតែមានប្លង់រឹងដូចគ្នា ដូច្នេះមានតែមន្ដ្រីសុរិយោដីទេ ទើបអាចដោះស្រាយបាន។

នាពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងវេទិកាសាធារណៈម្ដងៗ តែងតែរំលឹកឲ្យអាជ្ញាធរ គ្រប់លំដាក់ថ្នាក់ តាំងពីភូមិ រហូតដល់ខេត្ត ត្រូវរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាដីធ្លី បើឈានដល់ដំំណាក់កាលប្ដឹងផ្ដល់គ្នា នៅស្ថាប័នតុលាការ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឲ្យអាជ្ញាធរ និងមន្ដ្រីជំនាញ គួរមានដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព។

ពាក់ព័ន្ធករណីខាងលើនេះ មជ្ឈដ្ឋានមួយចំនួន សូមអំពាវនាវឲ្យថ្នាក់ដឹកនាំ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ចុះពង្រឹងខេត្តបាត់ដំបង សូមមេត្តាមានការសួរនាំ និងមានវិធានការចំពោះអាជ្ញាធរ ដែលមានភាពព្រងើយកន្តើយ ស្វែងរកជូនដំណោះស្រាយជូនពលរដ្ឋ នៅពេលដែលមានបញ្ហាកើតឡើង។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ នឹងត្រូវររៀបចំឡើង ដូច្នេះអាជ្ញាធរថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជន បានដើរតួរនាទីយ៉ាងសំខាន់ លើកិច្ចការបម្រើប្រជាពលរដ្ឋទាំងសេវាសាធារណៈ ទាំងការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងការជួយផ្គត់ផ្គង់ឧបត្ថម្ភ ដើម្បីការទាញទឹកចិត្ដពីម្ចាស់ឆ្នោតតាមមូលដ្ឋាន។

ពាក់ព័ន្ធរឿងខាងលើនេះ គេរំពឹងថា លោកអភិបាលស្រុក នឹងមិនចាត់ទុកប្រជាពលរដ្ឋមាននិន្នាការប្រឆាំងនោះឡើយ ដែលជាលេសចោទប្រកាន់ពួកគាត់ ប៉ុន្ដែធាតុពិតប្រជាកសិករទាំងពីរនាក់ប្ដី-ប្រពន្ធ ជាអ្ន​កមានបញ្ហាពិតប្រាកដ ហើយពួកគាត់ជាអ្នកគោរពស្រលាញ់បំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន ដែលបានស្រោចស្រង់ប្រទេសជាតិរហូតមានការរីកចំរើន និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងបែបនេះ។

បើតាមប្រជាពលរដ្ឋទាំង២នាក់ប្តីប្រពន្ធ, ពួកគាត់សុខចិត្តបើកផ្លូវនៅក្នុងដីរបស់ខ្លួន ដើម្បីឲ្យភាគីដែលមានដីនៅខាងក្រោយអាចធ្វើដំណើរចេញចូលបាន ប៉ុន្តែអ្ន​កដែលមានដីនៅជាប់ព្រំរបស់គាត់ (ម្ចាស់ថ្មី) បែរជាធ្វើរបងមករំលោភចូលដីរបស់គាត់ មិនមានការសួរនាំនោះឡើយ៕