(ឧត្តរមានជ័យ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ក្នុងគោលបំណងដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។

ក្នុងឱកាសសំណេះសំណាលនោះ លោកបណ្ឌិតបានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។

បន្ទាប់ពីបានស្តាប់នូវការលើកឡើងអំពីបញ្ហារបស់សហគមន៍, លោកបណ្ឌិតបានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងសំណើរបស់បងប្អូនសហគមន៍។

លោកបណ្ឌិត កៅ ថាច ក៏បានចែករំលែកជូនបងប្អូនអំពីស្ថានភាពសេដ្ឋកិច្ចដែលរំខានពីការរីករាលដាលពីជំងឺកូវីដ-១៩ និងវិបត្តិពីបញ្ហាសង្គ្រាបឣ៊ុយក្រែន និងរុស្សុី ដែលប៉ះពាល់ដល់ប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស និងស្ថានភាពការនាំចេញទំនិញផ្សេងៗ និងស្ថានភាពទីផ្សារស្វាយទៅកាន់ប្រទេសចិន។

ដោយឡែកចំពោះស្វាយចន្ទីក៏មានការគិតគូរ និងសិក្សាពីគម្រោងបង្កើតឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីដើម្បីប្រមូលគ្រាប់ស្វាយចន្ទីក្នុងរដូវប្រមូលផលស្តុកទុក សម្រាប់បម្រើការនាំចេញ ហើយសន្ធិធិគ្រាប់ស្វាយចន្ទីក៏ឣាចនឹងយកធ្វើជាទ្រព្យធានាបំណុលបានផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីបងប្អូនសមាជិកសហគមន៍ចំនួន ១០០នាក់ តំណាងអោយ១២ សហគមន៍កសិកម្ម ដែលមានសមាជិកសរុបចំនួន១៤៧០គ្រួសារ ដែលមានមុខរបរដាំដុះដំឡូងមី ដាំបន្លែ ស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំរួមផ្សំផ្សេង។

បណ្ឌិត កៅ ថាច បានជម្រាបជូនបងប្អូនអំពីកាលបរិច្ឆេទនៃការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបណ្ឌិតក៏បានអញ្ជើញបងប្អូនទៅចូលរួមបោះឆ្នោត ដើម្បីបន្តនិរន្តរ៍ភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍអោយកាន់តែរីកចំរើនថែមទៀត៕