(ភ្នំពេញ)៖ លោក ចូសិហ្វ ស៊ូអើ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការបន្តសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងបញ្ជូនកងទ័ពមួកខៀវកម្ពុជា ឱ្យចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសកំពុងជួបប្រទះសង្គ្រាមស៉ីវិល បានបង្ហាញពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើងស្មារតីនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងចូលរួមជាមួយសហគមន៍ ដ៏ពិតប្រាកដនៃប្រជាជាតិ រួបរួមគ្នាក្នុងការស្វែងរកសន្តិភាព និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់។

ការគូសបញ្ជាក់បែបនេះ របស់លោកអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព រៀបចំជូនដំណើរ និងផ្តល់អនុសាសន៍បន្ថែមទៀតដល់កងកងកំទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន៩៨នាក់ នៅទីស្តីការក្រសួងការពារជាតិ។

បន្ថែមពីនេះ លោក ចូសិហ្វ ស៊ូអើ បានបន្តថា ការបញ្ជូនកងទ័ពកម្ពុជា ចូលរួមរក្សាសន្តិភាព បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនៅក្នុងសេចក្តីថ្លែងការណ៍រួមទាំងការទទួលស្គាល់ថា «វឌ្ឍនភាពយូរអង្វែងក្នុងការពង្រឹងសន្តិសុខ ការបង្រួបបង្រួមជាតិ នីតិរដ្ឋ សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវតែកើតឡើងស្របគ្នា»

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចេញដំណើរនាថ្ងៃនេះ អស់លោក លោកស្រី ធ្វើការបញ្ជាក់ឡើងវិញ ពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើងស្មារតីនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងចូលរួមជាមួយសហគមន៍ដ៏ពិតប្រាកដនៃប្រជាជាតិ រួបរួមគ្នាក្នុងការស្វែងរកសន្តិភាព និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់ ខ្ញុំសង្ឃឹមថា ការរួមសាមគ្គីនេះនឹងដើរតួនាទីជាពន្លឺនៃក្តីសង្ឃឹម ដល់មនុស្សដទៃមិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ នៅទូទាំងពិភពលោកផងដែរ»

លោក ចូសិហ្វ ស៊ូអើ បានបន្តថា ការចូលរួមរបស់កងទ័ពមួកខៀវកម្ពុជា បានបង្ហាញថាពីការរួបរួមគ្នា គឺជាចំណងសាមគ្គីដ៏រឹងមាំ ដែលមិនមានកម្លាំងឥទ្ធិពលណាមកបំបែកបានឡើយ។

មន្ត្រី UN រូបនេះ ក៏បានប្រកាសទទួលស្គាល់ការលះបង់ និងភាពក្លាហានរបស់កងទ័ពកម្ពុជា ព្រមទាំងជាគំរូ និងរក្សាស្តង់ដារខ្ពស់បំផុតនៃភាពសុចរិត ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ក្នុងគ្រួសារអង្គការសហប្រជាជាតិ និងសូមកោតសរសើរដល់វីរភាពដ៏ក្លាហាន និងការតាំងចិត្តដ៏មុះមុត ពីសំណាក់យុទ្ធជន យុទ្ធនារី ដែលបាន និងកំពុងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ដើម្បីគាំទ្រដល់សន្តិសុខ និងសន្តិភាពពិភពលោក។

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន ក្រោយពីបេសកកម្មរក្សាសន្តិភាព របស់ អសប ហៅកាត់ថា UNTAC បាន បញ្ចប់នាឆ្នាំ១៩៩៣ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដោយដៃម្ខាងជ្រោងទង់ជាតិកម្ពុជា និងដៃម្ខាងជ្រោងទង់អង្គការសហប្រជាជាតិ ព្រមទាំងប្រកៀកស្មា ដើម្បីបុព្វហេតុ សន្តិភាពពិភពលោក ជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំងប្រមាណជាង ១០០ប្រទេស។

នាយឧត្តមសេនីយ៍ បានបន្តថា ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិ ស្ញប់ស្ញែងនូវបេសកកម្មរបស់កម្ពុជា ក្នុងការចូលរួមប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិលើពិភពលោក ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា រយៈពេល១៧ឆ្នាំនេះ កម្ពុជាបានទទួលស្នាដៃយ៉ាងធំធេងមានជាអាទិ៍៖ ការដោះមីន ការកំទេចគ្រាប់ មិនទាន់ផ្ទុះ ការស្ថាបនា សំណង់ ផ្តេក-បញ្ឈរ ផ្តល់ការ ការពារក្បួន និងសុវត្តិភាពជូន ឥស្សជនជាន់ខ្ពស់ក្នុង តំបន់បេសកកម្ម ចូលរួមក្នុង សកម្មភាពមនុស្សធម៌ ដូចជា៖ ផ្តល់ទឹកស្អាត ការព្យាបាល ផ្តល់សម្ភារសិក្សា។ល។ ដោយឥតគិត ថ្លៃជូនដល់ប្រជាពលរដ្ឋ ក្នុង តំបន់ បេសកកម្ម។ ទន្ទឹមនឹងនោះ ស្នាដៃរបស់ វីរយុទ្ធនារីកម្ពុជា នាចុងឆ្នាំ២០២២នេះ បន្តទទួលបានលំដាប់ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម១២៣ប្រទេស បរិច្ចាគកងកម្លាំង។

មកដល់ពេលនេះ កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះនារី ចំនួន៦៨១នាក់ បានចេញបំពេញបេសកកម្មចំនួន១១ ក្នុង ប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕