(ភ្នំពេញ)៖ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣១៣,៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់ Fresh News នាថ្ងៃទី២១ ខែកុម្ភៈនេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៧២,០៥៦នាក់
* ខេត្តត្បូងឃ្មុំ ៦៥,៣៨៥នាក់
* ខេត្តសៀមរាប ៣៩,៨០០នាក់
* រាជធានីភ្នំពេញ ៣៤,២៦៩នាក់
* ខេត្តកំពត ២៥,១៣២នាក់
* ខេត្តបាត់ដំបង ២១,១៩២នាក់
* ខេត្តកំពង់ចាម ១៧,៨៨៤នាក់
* ខេត្តស្វាយរៀង ១៧,៨៦៩នាក់។

លោករដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយចំនួនជាង៣៦ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ​២៩ម៉ឺននាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានកោតសរសើរដល់រដ្ឋបាលខេត្តត្បូងឃ្មុំដែលបានរៀបចំពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណនៅបឹងក្រម ឬបឹងត្រពាំងក្រម នៅឃុំជាំក្រវៀន ស្រុកមេមត់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានទាក់ទាញ់ប្រជាពលរដ្ឋចូលរួមប្រមាណ​៦០,០០០នាក់៕