(ភ្នំពេញ)៖ លោកស្រី កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៉ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនា និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥)​ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលសម្រេចបាននាពេលកន្លងមក ពិសេសលើការងារគ្រប់គ្រងជនបរទេស។

ការកោតសរសើររបស់គណៈកម្មការទី៥ នៃព្រឹទ្ធសភា ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅវិមានព្រឹទ្ធសភា ដើម្បីស្ដាប់នូវអ្វីដែលជាលទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងឆ្នាំ២០២២កន្លងមក និងផែនការទិសដៅបន្ដ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានចូលរាយការណ៍អំពីលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ ជូនគណៈកម្មការទី៥ នៃព្រឹទ្ធសភា ពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសនៅកម្ពុជា, វឌ្ឍន៍ភាពនៃការធ្វើច្បាប់ថ្មីស្ដីពីអន្ដោប្រវេសន៍ និងឆ្លើយបំភ្លឺនូវអ្វីដែលគណៈកម្មការបានចុះទៅតាមតំបន់មួយចំនួន ក៏ដូចជាសំណួរដែលគណៈកម្មការចង់ដឹងពាក់ព័ន្ធច្បាប់ ការអនុវត្តជាក់ស្ដែងជាដើម។

នាយឧត្តមសេនីយ៍ បានបន្ដទៀតថា ជាលទ្ធផលក្នុងជំនួបពេញមួយព្រឹកនេះ លោកស្រីកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៉ី និងសមាជិកគណៈកម្មការទី៥ បានបង្ហាញនូវក្ដីសប្បាយរីករាយ និងទទួលនូវអ្វីដែលអគ្គនាយកដ្ឋានបានរាយការណ៍។ បន្ថែមពីនេះ គណៈកម្មការទី៥ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអង្គភាពពាក់ព័ន្ធក្នុងក្រសួងមហាផ្ទៃ។

លោកស្រី កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៉ី ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទាក់ទងកិច្ចការងាររបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតាមដានពិនិត្យ និងផ្ដល់អនុសាសន៍ជាប់ជាប្រចាំចំពោះការងារគ្រប់គ្រងជនបរទេស និងការងារអន្ដោប្រវេសន៍នៅកម្ពុជា។

លើសពីនេះ លោកស្រីប្រធានគណៈកម្មការទី៥ ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបន្ដខិតខំប្រឹងប្រែង ពិសេសបានលើកយកនូវបញ្ហាប្រឈមជាក់ស្ដែង ដែលគណៈកម្មការមើលឃើញ និងជួបប្រទះនៅជាក់ចុះទៅតាមបណ្ដាច្រកទ្វារព្រំដែននាពេលកន្លងមកផងដែរ។

ជាការឆ្លើយតបនូវអ្វីដែលជាអនុសាសន៍នោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជំនួសមុខឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់ធ្វើយ៉ាងណាអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលប្រគល់ជូន សំដៅចូលរួមឲ្យសកម្មក្នុងការការពារសន្ដិសុខជាតិ សន្ដិសុខសង្គម និងអនុវត្តនយោបាយជាតិផ្សេងៗទៀត ទាក់ទងទេសចរណ៍ សេដ្ឋកិច្ច និងការងារជាដើម៕