(ភ្នំពេញ)៖ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដែលមានលោកស្រី ជូ ប៊ុនអេង ជាប្រធាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញលិខិតថ្កោលទោល ចំពោះការប្រមាថ លើស្ត្រីខ្មែរ។

លិខិតថ្កោលទោស បានបញ្ជាក់ថា ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ សង្កេតឃើញថា មានបុគ្គលអ្នកនយោបាយមួយចំនួនតូច តែងប្រឌិតរឿងមិនពិត ផ្សព្វផ្សាយ ញុះញង់ បង្កាច់បង្ខូចក្នុងគោលដៅទុច្ចរិត រួមទាំងបានប្រមាថមើលងាយដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ជាពិសេសបង្កឱ្យមានការភ័ន្តច្រឡំក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ម្ដងហើយម្តងទៀត ដែលនេះជាទង្វើថោកទាប ឬសកម្មភាព ដែលមានចរិតអសីលធម៌ ប្រមាថមាក់ងាយ បំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរធ្ងន់ធ្ងរដល់ស្ត្រីខ្មែរ ក្នុងជីវិតឯកជន និងពូជពង្សវង្សត្រកូលរបស់បុគ្គលជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

លោកស្រី ជូ ប៊ុនអេង បន្តថា «ក្នុងនាមប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ខ្ញុំសូមប្រកាសនូវគោលជំហរប្រឆាំងដាច់ខាត និងសូមថ្កោលទោសចំពោះទង្វើដែលគ្មានការទទួលខុសត្រូវរបស់បុគ្គលអ្នកនយោបាយទាំងនោះ ដែលតែងតែចង់កេងចំណេញនយោបាយដោយប្រើប្រាស់វិធីសាស្ត្រដដែលៗ ក្នុងគោលដៅបំផ្លាញសេចក្តីសុខក្សេមក្សាន្ត និងភាពរីកចម្រើនដែលប្រជាជនកម្ពុជាបានមកដោយលំបាក ជាពិសេសបង្កឱ្យមានការឈឺចាប់ដល់ស្ត្រី និងក្រុមគ្រួសាររងគ្រោះ យ៉ាងអយុត្តិធម៌ និងថោកទាបបំផុត ដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន»។

លោកស្រី ក៏សូមអំពាវនាវផងដែរ ចំពោះអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបាននិងកំពុងតែប្រើប្រាស់អាជីពទាំងនេះជាលេស ក្នុងការទាញយកផលប្រយោជន៍ខាងនយោបាយដោយពុំមានការទទួលខុសត្រូវ ការប្រើប្រាស់នយោបាយញុះញង់ បំបែកបំបាក់សង្គមជាតិ សូមបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះប្រជាជនកម្ពុជាមិនអាចទទួលយកបានឡើយ ។ សូមរក្សានូវសេចក្ដីថ្លៃថ្នូរ និងអព្យាក្រឹត្យចំពោះអាជីពរបស់ខ្លួន មិនអគតិចំពោះសេចក្តីល្អ មិនបំភ្លការពិត ក្នុងគោលដៅទុច្ចរិតបំផ្លាញសង្គមកម្ពុជាតទៅទៀត។

លោកស្រី សង្ឃឹមថា ក្រុមអ្នកនយោបាយ អង្គការសង្គមស៊ីវិល និងបណ្ដាអ្នកសារព័ត៌មានទាំងឡាយ នឹងខិតខំបំពេញតួនាទីជាអាជីព ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីសក្តិសមជាតួអង្គដែលបានចូលរួមជួយបម្រើផលប្រយោជន៍ដល់សង្គមជាតិ៕