(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការផ្សព្វផ្សាយបំភ្លៃព័ត៌មានរបស់ VOD ដែលថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចដើម្បីផ្តល់ជំនួយដល់ប្រទេសតួកគីនោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឱ្យបានឡើយ ដោយសារតែបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងរបស់គណៈរដ្ឋមន្ត្រី។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាមួយនឹងការប្រកាសដោយច្បាស់ៗថា រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតឱ្យ VOD ដំណើរការឡើងវិញទេ ទោះជាតម្លៃណាក៏ដោយ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «រឿងនេះជាការវាយប្រហារ ដែលមិនមែនជាបញ្ហា ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបង្កើតការមិនជឿទុកចិត្តគ្នាក្នុងរដ្ឋាភិបាល ហើយខុសនឹងច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរ​ដែលយើងមិនអាចអត់ឱនឱ្យបានទេ»

កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុ VOD ជារបស់អង្គការសង្គមស៊ីវិល CCIM បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា៖ «មន្ត្រីរដ្ឋាភិបាលថាការដែល លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។ អត្ថបទនេះ ធ្វើឱ្យមានប្រតិកម្មខ្លាំងក្លាពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលលោកពុំបានចុះហត្ថលេខា និងដឹងរឿងនេះទាល់តែសោះ។

សម្តេចតេជោ ហ៊ុន សែន​ ក៏មានប្រតិកម្មជាសាធារណៈផងដែរ ហើយទាមទារឱ្យវិទ្យុនេះសុំទោស ៧២ម៉ោង ហើយបន្ថយត្រឹម២៤ម៉ោង រហូតដល់បញ្ជាឱ្យក្រសួងព័ត៌មានដកហូតអាជ្ញាបណ្ណរបស់វិទ្យុនេះនៅថ្ងៃទី១២ ខែកុម្ភៈតែម្តង បន្ទាប់ពីមិនទទួលបានការសុំទោសទាន់ពេលវេលា ហើយទទួលបានលិខិតមួយដែលគ្រាន់តែប្រើប្រាស់ពាក្យថា «សោកស្តាយ និងសូមអធ្យាស្រ័យ»

ពាក់ព័ន្ធនឹងការផ្តល់ជំនួយទៅក្រៅប្រទេសនេះ សម្តេចបានបញ្ជាក់ថា នៅកម្ពុជា ត្រូវអនុវត្តតាមច្បាប់ថវិកាជាតិ ដែលអនុញ្ញាតឱ្យតែនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអាចចុះហត្ថលេខាលើការចាយវាយថវិកាបែបនេះបាន។ សម្តេចបានបញ្ជាក់ថា ព្រះមហាក្សត្រទ្រង់មិនលូកព្រះហស្ថនោះទេ ហើយសូម្បីតែប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា មានសិទ្ធិត្រឹមលើកសំណើទេ ប៉ុន្តែមិនមានសិទ្ធិក្នុងការបញ្ជាឱ្យចាយវាយឡើយ។ ប្រធានរដ្ឋសភា ព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី មានសិទ្ធិចាយវាយតែថវិកា ដែលច្បាប់បានបែងចែកទៅឱ្យក្រសួងស្ថាប័នទាំងនោះប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចុះផ្សាយរបស់ VOD ដែលថា «លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេច ផ្តល់ជំនួយឱ្យតួកគី» បានក្លាយទៅជាប្រធានបទដែលគេជជែកគ្នា ហើយដែលលោក ហ៊ុន ម៉ាណែត មិនបានធ្វើ និងមិនបានដឹងអ្វីទាំងអស់។

សម្តេចបានបញ្ជាក់ថា៖ «រឿងចាយលុយ មិនមែនជារឿងតូចតាចទេ ហើយជជែកគ្នា និយាយអំពីភាពត្រឹមត្រូវ និងមិនត្រឹមត្រូវ ក្នុងពេលដែលកូនខ្ញុំអត់ដឹងអ្វីទាំងអស់ តើខ្ញុំក្នុងនាមម្ខាងជានាយករដ្ឋមន្ត្រី ម្ខាងជាឪពុក តើឱ្យទទួលការប្រមាថបែបនេះទេ អត់ទេ ! បើទោះបីជាតម្លៃណាក៏ដោយ ហ៊ុន សែន ត្រូវតែធ្វើដាច់ខាត សូមបញ្ជាក់ជូនអ្នកឯងឱ្យបានច្បាស់ ហើយកុំសង្ឃឹមថា វិទ្យុនេះអាចរស់ឡើងវិញ»