(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា សម្តេចគាំទ្រឲ្យមានការផលិតភាពយន្តអប់រំខ្លី ដើម្បីចូលរួមអប់រំសង្គម ប៉ុន្តែការផលិតភាពយន្តអប់រំខ្លីនោះ មិនគួរប្រើពាក្យពេចន៍ និងសកម្មភាពលើសជ្រុល ពីស្ថានភាពពិតនៃសង្គម។

ការលើកឡើងបែបនេះរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានទស្សនារឿងអប់រំខ្លីមួយ ដែលមានចំណងជើងថា «ស្រីមុខលុយ» ដែលមានការប្រើប្រាស់ពាក្យពេចន៍ជ្រុល ខុសពីស្ថានភាពសង្គមពិត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ប្រហែលជាកន្លែងខ្លះយើងលេងលើស បងប្អូនចង់ធ្វើការអប់រំ ប៉ុន្តែជួនកាល មានភាពឆ្គង គឺមិនរហូតដល់ប៉ុណ្ណឹងពេកទេដឹង [វីដេអូភាពយន្តខ្លីចំណងជើង ស្រីមុខលុយ] ក្មួយៗលេងចង់អប់រំមនុស្ស កុំឲ្យមើលមនុស្សតែសំបកក្រៅ យល់ ! ប៉ុន្តែជួនកាលការប្រើពាក្យពេចន៍ គឺអត់ត្រូវជាមួយសង្គមពិត។ យើងលើកទឹកចិត្តឲ្យមានការអប់រំ កុំឲ្យមានការរើសអើង ហើយគិតតែពីរឿងលុយកាក់»

សម្តេចតេជោលើកឡើងថា ការសម្តែងជ្រុលនេះ មិនមែនមកពីតួសម្តែងទេ គឺមកពីអ្នកនិពន្ធ ដឹកនាំរឿង ដែលជាអ្នករៀបចំឲ្យតួសម្តែងធ្វើតាម។

សម្តេចតេជោក៏បានលើកឡើងថា សម្តេចច្រើនមើល Tiktok នៅម៉ោង១២យប់ ហើយសម្តេចក៏ផ្តាំដល់មនុស្សមួយចំនួន ដែលដឹងថា សម្តេចចូលចិត្តមើល Tiktok ហើយផលិតរឿងជេរសម្តេចដាក់ក្នុង Tiktok ឲ្យសម្តេចមើល គឺមិនមើលទេ សម្តេចគ្មានពេលមើលការជេរបញ្ចោរទេ សម្តេចចូលចិត្តមើល Tiktok តែវីដេអូអប់រំសង្គម អប់រំសុខភាព ដែលជាការរួមចំណែកដល់ការយល់ដឹងតែប៉ុណ្ណោះ៕