(កំពង់ធំ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកប្រតិបត្តិការបង្ក្រាបរថយន្តម៉ាក់សាំយ៉ុង ១គ្រឿង​ ដែលលួចដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តព្រះវិហារ ឆ្ពោះកាន់ខេត្តកំពង់ធំ និងដកហូតបានឈើមួយចំនួនធំផងដែរ។

បើតាមលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh New ប្រចាំខេត្តកំពង់ធំ ថា «មានរថយន្តសាំយ៉ុង ១គ្រឿងដឹកឈើពេញប្រៀប ចេញពីភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបានថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១៖០០នាទី នៅចំណុចភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ»

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ទុក និងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើផ្នែកស្ទោង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រថយន្តនោះពាក់ស្លាកលេខភ្នំពេញ 2j-0290 បើកបរដោយបុរសម្នាក់ឈ្មោះ ម៉ៅ និងស្ត្រីម្នាក់ទៀត។

ជាទូទៅបទល្មើសដឹកជញ្ជូនឈើនៅតាមដងផ្លូវក្នុងខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២ ហាក់មានសកម្មភាពផុលផុស ដោយឈ្មួញបានធ្វើការដឹកទាំងថ្ងៃ ទាំងយប់ ដឹកដោយចំហរខ្លះ និងដឹកមានការបិទបាំងខ្លះ។ កត្តាដែលឈ្មួញអាចដឹកជញ្ជូនឈើដោយរលូនបែបនេះ គេសង្ស័យមានការត្រូវរ៉ូវជាមួយសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ជាពិសេសនៅតាមដងផ្លូវជាតិលេខ៦២ មានស្នាក់ការត្រួតពិនិត្យជាហូរហែរជាច្រើនផងដែរ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជារដ្ឋបាលឯកភាពខេត្តអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ តែងតែដាស់តឿនទៅដល់មន្ត្រីជំនាញឱ្យបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា និងមានភាពទទួលខុសត្រូវ៕