(ព្រះវិហារ)៖ លោក មួង ឃីម ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុករវៀង។

ពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតនាពេលនេះ មានការចូលរួមពីលោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សស្រុករវៀងព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការបក្សស្រុក ឃុំជាច្រើនរូប។

លោក មួង ឃីម បានថ្លែងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេងជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបានបន្តទៀតថា រាជរដ្ឋភិបាលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទាំងកិច្ចការបរទេស កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ពាណិជ្ជកម្ម វិស័យការងារ សុខុមាលភាពសាធារណៈ ជាពិសេសការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ លោក មួង ឃីម បានស្នើឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជារួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ច និងសូមកុំក្រអើតក្រទម ត្រូវតែគោរពស្រលាញ់គ្នាឱ្យបានច្រើន។លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះពួកគាត់។

លោកក៏បានថ្លែងប្រាប់ពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសភាជាតិអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបន្តគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ និងការអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ នៃរដ្ឋសភា។

លោក មួង ឃីម ថ្លែងណែនាំដល់សមាជិក សមាជិកា គណបក្សទាំងអស់ត្រូវ៖

*ត្រូវបង្កើនការងារអប់រំ នយោបាយ សតិអារម្មណ៍ ដើម្បីសមាជិកបក្សក៏ដូចជាប្រជាពលរដ្ឋមានជំនឿជឿជាក់លើថ្នាក់ដឹកនាំគណបក្ស

*បន្តកសាង ពង្រឹងអង្គការចាត់តាំងបក្សគ្រប់លំដាប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ទាំងក្នុងនិងក្រៅប្រទេស និងមានសមត្ថភាពអនុវត្តបានល្អនូវតួនាទី ភារកិច្ច សិទ្ធនិងរបៀបរបបការងាររបស់ខ្លួន

*ពង្រីកប្រជាធិបតេយ្យផ្ទៃក្នុង ក្នុងការប្រកាប់ភ្ជាប់គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ពង្រឹងចាស់ កសាងថ្មី
*គ្រប់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវប្រមូលផ្តុំចុះមូលដ្ឋាន និងជួយមូលដ្ឋានឱ្យបានជាក់ស្តែង

*ពង្រឹងការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជន បង្កើតការងារចលនាមហាជនឱ្យបានខ្លាំងក្លានឹងគ្រប់ស្រទាប់មហាជន គ្រប់មជ្ឈដ្ឋានក្នុងសង្គម

*ក្តាប់ជាប់សារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣ ដើម្បីធានារក្សាភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា

*រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាពដែលកត្តាចំបងមួយឆ្ពោះទៅរកជ័យជំនៈក្នុងការបោះឆ្នោតក៏ដូចជាការសម្រេចភារកិច្ចជូនជាតិនិងប្រជាជន៕