(សៀមរាប)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍ចំនួន២គឺ៖ សហគមន៍កសិកម្មសុវត្ថិភាព ដែលមានទីតាំងស្ថិតនៅភូមិជ្រៃខាងជើង ឃុំគៀនស្រងែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាជិកចំនួន ១១០នាក់, ស្រី៨៥នាក់, ស្មើរនឹង៦៧គ្រួសារ។ សមាជិកសហគមនេះ ប្រកបរបរជួញដូរពូជបន្លែ ពូជស្រូវផ្ការរំដួល លក់ឣង្ករ អាហារកែច្នៃដូចជាដំណាប់ឣំពិល និងជីកំប៉ុស្ត និងថ្នាំពុលធម្មជាតិផលិតពីប្រេងឣង្កាមជាដើម។

សហគមន៍កសិកម្មសំរោងមានជ័យ ដែលមានទីតាំងស្ថិតនៅភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាជិក ៨១គ្រួសារ ប្រកបរបរដាំបន្លែក្នុងផ្ទះសំណាញ់ផង និងនៅទីវាលផង ដូចជា៖ ផ្កាខាត់ណាស ស្ពៃក្តោប ប៉េងប៉ោះ ទ្រព្យ សណ្តែក ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ម្ទេសហាវៃ។ ដោយឡែកបន្លែផលិតបានសហគមផ្គត់ផ្គង់ទៅទីផ្សារនៅខេត្តសៀមរាម, ក្រុងកំពង់សោម និងកំពង់ចាមជាដើម។

បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានា របស់បងប្អូនសហគមន៍ទាំងពីររួចមក លោកបណ្ឌិត បានធ្វើការណែនាំ និងផ្តល់ជាអនុសាន៍ល្អៗ មួយចំនួន ជូនដល់បងប្អូនផងដែរ។ បន្ថែមលើនេះ លោកបណ្ឌិត កៅ ថាច បានធ្វើការណែនាំអំពីគោលការណ៍ឥណទានរបស់ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម និងដើម្បីកសិករ និងការឣភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមកញ្ចប់ឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងការដំាដុះបន្លែ និងការចញ្ចឹមសត្វជាដើម។

ជាចុងក្រោយ លោកបណ្ឌិត បានធ្វើការរំលឹកអំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយលោកបណ្ឌិត ស្នើសុំបងប្អូនសហគមទាំងអស់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តនិរន្តភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍជូនដល់សង្គមជាតិយើង។

ជាមួយគ្នានេះ លោកបណ្ឌិត និងសហការី បានឆ្លៀតពេលចុះពិនិត្យមើលចំការបន្លែដែលបងប្អូនសហគមន៍បានកំពុងដាំ និងកំពុងប្រមូលផលលក់នៅលើទីផ្សារផងដែរ៕