(ក្រុងបាវិត)៖ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញផ្សព្វផ្សាយសេក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

នាឱកាសនេះ លោក លី ធុជ បានលើកឡើងអំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបង្រួបបង្រួមជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើប្រជាពលរដ្ឋ ហើយគោលបំណងរបស់ប្រជាពលរដ្ឋដើម្បីទទួលបានជីវភាពល្អប្រសើរ គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិតទាំងមូល លោក លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនដល់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលបានពលីគ្រប់បែបយ៉ាង ដើម្បីការការពារសន្តិភាព និងការកសាងសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។

លោកបានបន្តទៀត ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នៅសល់រយៈពេល ១៥៤ថ្ងៃទៀត សូមឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែសកម្មឡើង ដើម្បីទទួលការគាំទ្រ និងផ្តល់ការជឿជាក់ជូនប្រជាពលរដ្ឋឱ្យអស់ពីបេះដូង និងដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនឱ្យកាន់តែច្រើន។

លោកប្រធានក្រុមការងារគណបក្សក្រុងបាវិត បានផ្តល់អនុសាសន៍ណែនាំចំនួន០២ចំណុច ជូនដល់សមាជិកសមាជិកាក្រុងបាវិតទាំងអស់ ដូចខាងក្រោម៖

១៖ បន្តកសាងទំនាកទំនងស្និតស្នាលជាមួយប្រជាពលរដ្ឋ និងម្ចាស់បោះឆ្នោត ដោយត្រូវរៀបចំអត្តចរិកឱ្យល្អ មានគុណធម៌ គុណតម្លៃ ផ្តល់ក្តីស្រឡាញ់ និងការអាណិតអាសូរជូនប្រជាពលរដ្ឋក្នុងការរស់នៅ ត្រូវបន្តបម្រើសេវាសាធារណៈឱ្យអស់ពីសមត្ថភាព និងចេញពីបេះដូងជូនពួកគាត់។

២៖ កសាងទំនាក់ទំនងឱ្យមានប្រសិទ្ធភាព ដោយត្រូវស្តាប់រាល់បញ្ហាដែលបានកើតមានឡើងចំពោះប្រជាពលរដ្ឋ និងបន្តដោះស្រាយជូនប្រជាពលរដ្ឋឱ្យខានតែបាននឹងទាន់ពេលវេលាដើម្បីតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ៕