(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងដល់សាធារណជនឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំក្បួនដង្ហែសពលោក ខូយ សុខា សមាជិកគណៈកម្មាធិការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចេញពីគេហដ្ឋាន នៃសពស្ថិតនៅផ្លូវលេខ១០២ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង ០៧:០០នាទីព្រឹក ឆ្ពោះទៅកាន់ទីបញ្ចុះសពស្ថិត នៅចំណុចទួលតាពេវ ភូមិផ្លូវពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្បួនដង្ហែខាងលើនឹងត្រូវចាប់ផ្តើមចេញដំណើរពីផ្លូវលេខ២០២ បត់ឡើងទៅផ្លូវលេខ១០១ កាត់តាមមុខសាលាខេត្តពោធិ៍សាត់ បត់ចុះទៅផ្លូវលេខ២០៩ រួចបន្តបត់ទៅផ្លូវលេខ១០៦អា កាត់តាមបុរីភួស៊ីណូ និងវត្តពោធិវង្ស រហូតដល់ផ្លូវកែងសាលាបឋមសិក្សាតាស្តី រួចបន្តដំណើរប្រហែល ៦០០ម៉ែត្រ តាមផ្លូវលេខ១០១វិញ មកដល់ចំណុចផ្លូវបត់ចូលទៅទីតាំងបញ្ចុះសព ធ្វើដំណើរតាមផ្លូវដីចូលប្រមាណ ១,២០០ម៉ែត្រ។

ក្នុងអំឡុងពេលដង្ហែក្បួន កងកម្លាំងមានសមត្ថកិច្ចនឹងបិទផ្លូវពាក់ព័ន្ធដូចបានរៀបរាប់ខាងលើដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ឡើយ។

សូមបញ្ជាក់ថា លោក ខូយ សុខា បានទទួលមរណភាព កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ៕